វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅ មានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្សទាំងឡាយក៏សប្បាយយ៉ាងនោះដែល។ ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្ល៉េះទេ។ គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។ លាហើយសៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខ! លាហើយសម្លេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្អាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិសន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ឈប់ពីរខែ ជយោ!

ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយគ្មាននឹកនាថានឹងមាននរណាធ្វើមុខជូរ កើតទុក្ខបានឡើយ។ តែបើសម្លឹងគយគន់ឲ្យហ្មត់ចត់ទៅ ក៏នឹងឃើញកុមារម្នាក់ដែលមានរូបរាងដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សម្បុរជ្រះ ទឹកមុខស្ងប់ស្រពោននៅក្នុងយានតែម្នាក់ឯង។ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សម្តែងឲ្យឃើញថា អ្នកកម្លោះមានទុក្ខជាទម្ងន់។ស្ថានីយអូរស្រឡៅ! ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ក្នុងគ្រានោះ អារម្មណ៍ ផ្សេងៗក៏ស្ទុះមកបបោសអង្អែលព្រលឹងនាយកម្លោះ មានសភាពដូចជាវាយោររហៀកៗដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ ឱវាលស្រែនេះ! ជួរដងអូរនេះ! ឱ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ តែទោះយ៉ាងណាក៏ដោយ ខ្លួនមិនចេះចិនឆ្អន់សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្រសម្លាញ់ជានិច្ច។កុមារគិតក្នុងចិន្តាថា៖ ឱ..ភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ! ។រទេះភ្លើងបានចាប់បរទៅទៀត។ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះនៅតែ ១៥គីឡូ ទៀតនឹងដល់ផ្ទះហើយ។ មានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខ សិតសក់ សម្រួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់។
No comments:
Post a Comment