សាសនាៈ ហិណ្ឌូ (សិវៈ)
រជ្ជកាលៈ ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ និងទី២
ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរ នៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៥២៥ ម៉ែត្រ នៃភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃភាគខាងជើងប្រទេសកម្ពុជា។ ប្រាសាទនេះ បានផ្តល់ឈ្មោះដល់ខេត្តព្រះវិហារ និងមានចម្ងាយ១៤០គ.ម ពីប្រាសាទអង្គរវត្ត និងប្រហែល ៣២០គ.ម ពីទីក្រុងភ្នំពេញ។

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃឡង់ដ៏ មានចំងាយ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីពី ខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះគឺនៅភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។
ប្រាសាទព្រះវិហារ មានទីតាំងដ៏អស្ចារ្យបំផុត ក្នុងចំណោមប្រាសាទដែលបានសាងសង់ក្នុងសម័យអាណាចក្រខ្មែរ នៃសតវត្សទី៦។ ប្រាសាទនេះ មាននូវវិហារជាច្រើន តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្តើរមានប្រវែងប្រហែល ៨០០ម៉ែត្រ និងត្រូវបានសាងសង់ឲ្យមើលឃើញនូវទេសភាពដែលនៅជុំវិញនោះបានយ៉ាងច្បាស់។ ប្រាសាទនេះត្រូវបានឧទ្ទិសដល់ព្រះសិវៈ គឺមានភាពខុសប្លែកពីប្រាសាទដទៃ ក្នុងចំណោមប្រាសាទខ្មែរ ដែល បានសាងសង់ តាមបណ្តោយអ័ក្សជើងត្បូង ជាជាងមានរាងជាចតុកោណកែង ឆ្ពោះទៅខាងកើត។ ប៉ុន្តែទោះបីជាប្រាសាទនេះ មានភាពខុសប្លែកគ្នាច្រើនពីប្រាសាទភ្នំ ដែលបានរកឃើញនៅអង្គរ គេជឿថាប្រាសាទទាំងនេះត្រូវបានសាងសង់ឡើង តំណាងឲ្យ ភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព។
ប្រាសាទព្រះវិហារ មានទំហំ ៨០០ម×៤០០ម ស្ថិតនៅលើភ្នំព្រះវិហារដែលមានកំពស់ ៦២៥ម នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃ ព្រះរាជាណាចក្រកម្ពុជា និង រាងទេរពីប្រទេស ថៃឡង់ដ៏។ ប្រាសាទព្រះវិហារ មានច្រកចូល ៣ ទៅកាន់ប្រាសាទ៖
- ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់ មានកាំជណ្តើរឡើង ទៅកាន់កំពូលភ្នំ ដងរែកនៃប្រាសាទ ព្រះវិហារ។
- ច្រកតាមប្រទេសយើង ដដែលគឺតាមផ្លូវ គ១ ដែលជាផ្លូវជួសជុលចាក់បេតុង សំរាប់ឡើងទៅកាន់ ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ក៏ដូចជាអ្នករកស៊ី លក់ដូរនៅទីនោះភាគច្រើននាំគ្នា ឡើងតាមផ្លូវនេះ ព្រោះងាយស្រួល ក្នុងការធ្វើដំណើរឡើង។
- ច្រកចូលតាម ប្រទេសថៃឡង់ដ៏ ដែលភ្ញៀវទេសចរ អន្តរជាតិចូលចិត្តធ្វើដំណើរ តាមច្រកនេះ។
No comments:
Post a Comment