បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅ តាមផ្លូវជាតិលេខ២ ចម្ងាយ ៣២ គ.ម. ដល់ទៅត្រង់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅស្ដាំដៃចំនួន២ គ.ម. ក្នុងឃុំក្រាំងធ្នង់ ស្រុកខេត្តដដែល នឹងឃើញទន្លេបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្ដោយថ្ងៃ មានទឹកល្ហល្ហេវ ខួបប្រាំងខួបវស្សា ហៅថា "ទន្លេបាទី" ។ ក្បែរឆ្នេរខាងត្បូងនៃទន្លេនោះ មានប្រាសាទ២ គឺ ប្រាសាទតាព្រំ១, ប្រាសាទយាយពៅ១ ។

រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនេះ មានដំណាលដូចតទៅ ៖
កាលស្ដេចព្រះនាមព្រះកេតុមាលា សោយរាជ្យនៅមហានគរជាស្ដេចមានបុណ្យអស្ចារ្យ ។ វេលាមួយ ស្ដេចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់ប្រាសាទពុំបាន ទ្រង់យាងកម្សាន្តព្រះរាជហឫទ័យជាមួយនឹងរេហ៍ពល ដោយផ្លូវនាវា តាមឆ្នេរសមុទ្រត្រើយខាងត្បូង ។ លុះយាងទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីន័ងនាវានៅត្រើយនោះដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសម្រាកព្រះអង្គនៅក្នុងទីនោះ ។ ពេលនោះ អ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាស្ដេចយាងពីនគរវត្តមក ដោយមិនដែលឃើញស្ដេចសោះ ក៏នាំគ្នាច្រើនអ៊ូអែមកថ្វាយបង្គំគាល់ យកអាករសួរៃមកថ្វាយព្រះអង្គគ្រប់គ្នា ។ កាលនោះ មានយាយម្នាក់មានភោគសម្បត្តិស្ដុកស្ដម្ភជាងអ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះនាង "ពៅ" មានរូបឆោមលោមពណ៌ល្អជាងស្រីទាំងពួង ។ គាត់នាំកូនក្រមុំមកគាល់ស្ដេចរាល់ថ្ងៃ ។ ព្រះមហាក្សត្រទ្រង់ទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ទ្រង់ចំអន់លេងរាល់ពេលវេលា ។ យាយដឹងថា ស្ដេចសព្វព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួន ក៏លើកនាងថ្វាយជាព្រះទេពី ។ ស្ដេចបាននាងពៅ ធ្វើជាអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនឹងនាង ពៅ ពន់ពេក ព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អ ។ ស្ដេចគង់នៅទីនោះបាន ៣ ខែ នាងក៏មានគភ៌ ។ លុះនាងមានគភ៌បាន ៣ ខែ ព្រះរាជាទ្រង់មានព្រះរាជបន្ទូលថា " ចូរប្អូននៅក្នុងទីនេះចុះ ពីព្រោះមានមាតានៅថែរក្សា ឯបងសូមលាត្រឡប់ទៅមហានគរវិញ" ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរ្តិ៍ ថា "បើព្រះរាជបុត្រប្រសូតិមក កាលណាធំដឹងក្ដីឡើង ចង់ទៅសួររកបង ចូរឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី " ។ នាង ពៅ បានស្ដាប់ព្រះបន្ទូលដូច្នេះ ក៏សោកសង្រេងអាឡោះអាល័យព្រះស្វាមីក្រៃពេកដោយទ្រង់មិនឲ្យនាងទៅតាមផង ។ ព្រះរាជាទ្រង់ផ្ដាំស្រេចហើយ ទ្រង់ស្ដេចយាងទៅកាន់ព្រះមហានគរវិញ ។
No comments:
Post a Comment