November 05, 2017

រឿង កុលាបប៉ៃលិន​ វគ្គ១

ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។
ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ ញ៉ុក ថែម
កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣

--------------------------------
វគ្គ១ រឿង កុលាបប៉ៃលិន
នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគាថាមួយបទថា "អត្តាហិ អត្តនោ នាថោ"។
ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃលិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាតហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បូង។

តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជាហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុងខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងៗខ្លួន។

No comments:

Post a Comment