November 05, 2017

សង្ខេបរឿង​​ ផ្កាស្រពោន​ វគ្គទី៤

អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែងបងនិន្ទាថាប្អូនធ្វេសប្រហែស។
បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗ មកស្រាប់ហើយថា លោកឪពុក យើង គាត់បាន ផ្ទុក នូវ ស្រូវ នឹង ទូក ប៉ុកចាយ មួយ ចំណុះ មួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមផ្លួវទន្លេសាប ។ ខ្ញុំទើបដំណឹងច្បាស់ថា ទូកស្រូវនោះ ឥឡូវត្រូវខ្យល់ព្យុះបោកលិចកណ្តាលទន្លេទៅហើយ គេគ្មានសង្ឃឹមថា នឹងស្រង់យកស្រូវបានវិញខ្លះទេ។មុខតែខាតធំហើយគ្រានេះ។

ប៊ុន-ធឿន កាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។ សេចក្តី បំណងដែល ខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ ឱអញអើយ! ម្ល៉េះសមនឹងត្រូវចាកចេញចោលវិទ្យាល័យ ដើម្បីនឹងមកជួយកម្លាំងឪពុកម្តាយវិញ។
ឪពុកម្តាយ ប៊ុន-ធឿន ដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងមានចងការប្រាក់គេខ្លះផង។ បើប្រសិនជាគាត់លក់ទ្រព្យរបស់ ដីស្រែខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់ប៉ុន្មានឡើយ។
ឱ! គំនិតដែលតែងធ្វើឲ្យស្រម៉ៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឲ្យបានជ្រៅជ្រះ ឱ! ពាក្យដែលសច្ចាថា ប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្ត ឱ! ឪពុកម្តាយអើយ ខ្ញុំសែនលំបាក!…
អន្លង់វិល ជ្រនីក ស្វាយកង់… រ៉ឺម៉ករត់កាត់ភូមិដែលរាយនៅតាមថ្នល់ ហើយដែលមាននាមជាប់ក្លិនដីក្រអូបឈួល។ ប៊ុន-ធឿន មិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់ខ្វល់តែនឹងសេចក្តីតោកយ៉ាកមួយមុខប៉ុណ្ណោះ៕
ដកស្រង់ចេញពី សៀវភៅរឿងផ្កាស្រពោន និពន្ធដោយលោក នូហាច របស់ក្រសួងអប់រំ ។

No comments:

Post a Comment