គាត់ជាអង្គរក្សឧកញ៉ាម្នាក់ឈ្មោះវិធួន។ ឧកញ៉ាហ្នឹងនៅក្មេងមានស្រីច្រើននាក់តែមិនទាន់រៀបការទេ។ គាត់សម្បូរលុយចាយណាស់ហើយដៃទូលាយផង។ ផឹកដាច់មួយកែវគាត់ឲ្យមួយសន្លឹកធំភ្លាម អីចឹងហើយ ឲ្យតែគាត់មក ម្នាក់ៗរត់ទៅរកគាត់។ សំខាន់ត្រង់ថាគាត់រើសស្រីបន្តិច ទាល់តែស្រីៗណាសម្បុរស ឡូយ ក្មេង ហើយស្អាតៗពូកែរាំ ពូកែច្រៀង បានគាត់ហៅទៅអង្គុយជិត ។ ឲ្យតែបានអង្គុយជិតគាត់ ច្បាស់ជាបានចូលខារ៉ាអូខេ ហើយពេលបានចូលដល់ទីនោះគឺជាវគ្គលើកដាច់មួយសន្លឹកៗ។ នេះខ្ញុំឮតែគេថាទេ ព្រោះចែមិនដែលហៅខ្ញុំទៅជួបឧកញ៉ានោះឡើយ ដោយខ្ញុំនេះគេចាត់ទុកថាស្បែកខ្មៅ ទោះមុខខ្ញុំស្រស់កាលពីក្មេងគេហៅមីស្រស់ៗរហូតក៏ដោយ។
ចំណែកបង វិរៈ ពេលដែលឃើញឧកញ៉ានោះគឺឃើញគាត់។ គាត់មិនចេះលេងសើចអីទេតែមើលទៅពូកែផឹកលេខមួយ។ ពេលចេញទៅវិញគេមានស្រីៗទៅម្នាក់មួយៗ ប៉ុន្តែគាត់ដើរម្នាក់ឯងរាល់លើក។
យប់នេះបង វិរៈ ឡើងរាំដោយសារពួកអង្គរក្សផ្សេងទៀត គេពន្យុះឧកញ៉ាឲ្យហៅគាត់ឡើងរាំគឺគេចង់ព្រួតគ្នាលេងគាត់ បន្ទាប់ពីហ្នឹងឧកញ៉ាហៅកាហាស្រីវៀតណាមសាច់សដូចសម្លីឲ្យមកអង្គុយគងអន្ទាក់ខ្លាចេញភ្លៅសស្ងាចក្បែរគាត់។ កាហាមិនស្អាតខ្លាំងទេ តែនាងនៅក្មេងហើយពូកែញ៉ិកញ៉ក់ភ្ញៀវណាស់។ អីចឹងហើយបានជាឧកញ៉ាចង់បំបែកភាពស្ងាត់ស្ងៀមរបស់បង វិរៈ ដោយសារស្រីនេះ។ អុះភ្លេចប្រាប់មិត្តអ្នកអាន ដែលនិយាយនេះមិនមែនបានន័យថា ខ្ញុំកំពុងអង្គុយសាឡុងជាមួយពួកគេទេណា៎ គឺខ្ញុំកំដរភ្ញៀវជាប់ទីនោះ ខ្ញុំក៏តាមដានមើលពួកគេទៅ។ និយាយទៅ ឲ្យតែឧកញ៉ាមកអ្នកណាៗក៏គេមើលអីចឹងតែទាំងអស់ហ្នឹង។ ឯប្រុសចិត្តថ្ម”បងវិរៈ” ជាគោលដៅទីពីរដែលពួកស្រីៗចង់បង្អាប់លេងដូចត្លុកដោយសារគាត់ខុសគេ។ពេលអង្គរក្សផ្សេងៗទៀត កំពុងលូកលាន់បែបអាសអាភាសជាមួយស្រីស្អាតនៅសាឡុងនោះ បង វិរៈ ឈប់រាំ ហើយត្រលប់មកតុវិញ គាត់អង្គុយធ្មឹងដូចដើមគួរឲ្យហួសចិត្តដែរ។ ប្រហែលខ្ញុំមើលគាត់យូរពេកហើយបានជាគាត់ស្រាប់តែងាកមកមើលខ្ញុំធ្វើឲ្យខ្ញុំភ័យស្លេកប្រញាប់គេចមុខធ្វើមិនដឹងវិញភ្លាម។
No comments:
Post a Comment