សេចក្ដីផ្ដើម
ប្រជាជាតិខ្មែរធ្លាប់មានប្រវត្តិដ៏រុងរឿង ជ្រកកោន ក្នុងដែនដីចក្រភពមានអំណាច និង ឥទ្ធិពលគ្របដណ្ដប់ទៅ លើនគរជិតខាង អាស្រ័យដោយបុព្វបុរសខ្មែរ ជាពូជអ្នកចម្បាំង ខ្លាំងពូកែ យូរលង់ណាស់មកហើយ ។ ទន្ទឹមនឹង នគរចម្ប៉ាក្លាយទៅជាវៀតណាមភាគកណ្ដាល ហើយដែន ដីរាមញ្ញមន’ក្លាយទៅជា ភូមា និងថៃនោះ ខ្មែរយើងដែល ជាប់ពូជអម្បូរ ខម បែរជាអាច ថែរក្សាទឹកដីឲ្យនៅគង់វង្ស បានមួយក្រវេចក្នុង ផែនទីពិភពលោកនឹងគេដែរ ព្រោះហេតុតែដូនតាខ្មែរ ជំនាញខាងការធ្វើសង្គ្រាមការពារជាតិមាតុភូមិមិនសុខចិត្តឲ្យពួកបរទេស លេបត្របាក់ យកបាន ដោយងាយៗនេះឯង ។
តើបុព្វបុរសខ្មែរ មានមធ្យោបាយធ្វើសង្គ្រាមរបៀបណា ? យើងសាកល្បងសិក្សាស្រាវជ្រាវដូចតទៅ ៖
I – អំពីបន្ទាយទ័ព
ព្រះមហាក្សត្រខ្មែរពីបុរាណព្រេងនាយ មុននឹងយាងទៅគង់ប្រថាប់នៅទីណា ឬក៏លើកទ័ព ទៅវាយបច្ចាមិត្ត ទ្រង់តែងមានព្រះតម្រិះ ពីបញ្ហាតាំងទីបន្ទាយរាយទ័ពជា អាទិភាព រីឯទីតាំងបន្ទាយនោះ ត្រូវប្រកបដោយលក្ខណ: សម្បត្តិដូចខាងក្រោម ៖
ដីជ័យភូមិ៖ ជាទីតាំងខ្ពស់ផុតពីទឹក សមប្រកបតាមក្បួនពិជ័យ សង្គ្រាម និងក្បួនហោរាសាស្ត្រ ។ នុំនឹង វាតដីតាំងជា បន្ទាយស្ដេច ឬមេទ័ពធំ តែងតម្រូវឲ្យហោរាទស្សន៍ទាយ វាស់វែងបែងក្រឡាមើលដីនោះ ឲ្យល្អិតល្អន់សិន ។
- មានស្ទឹង ឬទន្លេព័ទ្ធជុំវិញ៖ ចំណុចនេះ បើសិនជាគ្មានស្ទឹង ឬទន្លេនៅជិត ព្រះមហាក្សត្រ ឬមេទ័ពធំ តែងបញ្ជាសេនារេហ៍ពល ឲ្យជីកជាគូទឹកព័ទ្ធជុំញ ដោយ មានចិញ្ចឹមក្រពើកាចៗផង ដើម្បីទុកជាមធ្យោបាយការពារ ទប់ទល់ នឹងបច្ចាមិត្ត ។
- សង់សើន និងប៉មខ្ពស់ៗ៖ បើបន្ទាយនោះធំ ការសង់សើន និងប៉មក៏ធ្វើធំ ហើយខ្ពស់ទៅតាមនោះដែរ ។ បើបន្ទាយ នោះតូចតាច សើន និងប៉មក៏ទាបៗ ។ គេធ្វើសើនសម្រាប់ដាក់តម្កល់មេរៀម ឬកាំភ្លើងធំ ដើម្បីបាញ់ ការពារបន្ទាយ ។ ឯប៉ម សម្រាប់ឲ្យពលសេនា អង្គុយយាមមើលទៅមុខបានឆ្ងាយ។
- លើកដីឱ្យខ្ពស់ ឬ ធ្វើជាកំពែង៖ គេលើកដីព័ទ្ធជុំវិញបន្ទាយ ដូចជាទំនប់ទឹក ដើម្បីទប់នឹង ផ្លែព្រួញ ឬគ្រាប់មេរៀមរបស់ខ្មាំង ។ បើបន្ទាយនោះធំមាំមួន គេធ្វើជាកំពែងថ្ម អាចជិះសេះពីលើបានងាយស្រួលឲ្យពលសេនា បញ្ជូនសារ និងពាក្យបញ្ជាពីថ្នាក់លើទៅថ្នាក់ ក្រោម ក្នុងករណីមានភាពអាសន្នកើតឡើង ។
- រោង និងឃ្លាំង៖ សម្ភារ:សង់រោង សម្រាប់ពលសេនាស្នាក់នៅ ច្រើនធ្វើពីឈើប្រក់ស្បូវ មានរានរនាបប្ញស្សីសម្រាប់ដេក ទៅតាមពួក តាមកងនីមួយៗ ។ មានរោង ចម្អិនអាហារ រោងព្យាបាលជំងឺ និងរោងគុក សម្រាប់ដាក់យុទ្ធជនល្មើសវិន័យ ។ ឃ្លាំងជាកន្លែង សម្រាប់ផ្ទុកស្បៀងអាហារ ដូចជា អង្ករ ពោត សណ្ដែក អំបិល ត្រីងៀត ត្រីឆ្អើរ ប្រហុក គ្រឿងសស្ត្រាវុធ និង សំលៀកបំពាក់ ៘
- ក្រោលដំរី ក្រោលសេះ ៖ ធ្វើក្រោលដំរី ពាក្យបុរាណថា តាំងខ្លោងព្នៀត ដោយកាប់ឈើប៉ុន៉ៗសសរផ្ទះ មកដាំ ច្រុះតំរៀមគ្នា ដូច ម្រាមដៃព័ទ្ធទីធ្លាដ៏ធំមួយ មានឈើជាម្លប់ល្មមដំរីជ្រកការពារ កម្ដៅថ្ងៃបាន ។ ក្រោលនេះធំទូលាយ អាចផ្សាំងដំរីសឹកបាន ។ ដំរីដែលជាប់ក្នុងក្រោល ភាគច្រើនគេដាក់ទន្លីងមិន ឲ្យវាដើរ ទៅណាបានឆ្ងាយ ដោយមានពលបោចស្មៅ និងយកទឹកមកឲ្យដល់កន្លែង ព្រោះនៅពេល ជាប់ច្បាំង ឬខ្មាំងព័ទ្ធជាប់ គេពុំអាចយកដំរីទៅលែងឲ្យស៊ីខាងក្រៅបន្ទាយបានឡើយ ។ ឯក្រោល សេះ និងកន្លែងដាក់រទេះ ក៏មានលក្ខណ:ប្រហាក់ ប្រហែលក្រោលដំរីដែរ ដោយគ្រាន់តែសង់ឲ្យ វាឃ្លាតឆ្ងាយពីគ្នាបន្តិច ព្រោះដំរី និងសេះ ផ្អើលខ្លាចគ្នាទៅវិញទៅមក ដាក់ជិតគ្នាមិនបានទេ ។
- ទីលានហាត់យុទ្ធសាស្ត្រ៖ គេច្រើនយកទីតាំងនៅកណ្ដាលបន្ទាយ ដែលជាទីធ្លាវាលស្រឡះគ្មានបន្លា ឬគល់ដង្គត់ជាឧបសគ្គ ។ មានដាក់ ផ្ទាំង ស៊ីបភ្ជាប់នឹងដើមឈើ ឬសសរ សម្រាប់ហាត់បាញ់ ព្រួញ ចោលលំពែង គប់កាំបិត ។ មានកន្លែងហាត់ជិះសេះ ជិះដំរី កាប់ដាវ គុនដំបង និងធ្លា សម្រាប់បើកសមរភូមិ ប្រយុទ្ធរួមគ្នាម្ដងៗរាប់រយនាក់ ។ បន្ទាយគ្រប់ទីកន្លែង ត្រូវតែមានលក្ខណ:សម្បត្តិ ដូចខាងលើនេះ ។ ជួនកាលព្រះមហាបានត្រាស់បង្គាប់ឲ្យសាងសង់បន្ទាយ ធ្វើជារាជវាំងគង់នៅជាអចិន្ត្រៃយ៍តែម្ដង ដោយមានរៀបកំពែងថ្ម តជាកសិណ ដាំប្ញស្សីច្រុះក្ដារ យ៉ាងមាំមួន ដូចជាបន្ទាយលង្វែកជាដើម ។
No comments:
Post a Comment