November 05, 2017

រឿង ស្រមោលស្នេហ៍

ព្រឹកថ្ងៃចន្ទនេះ នាងវ៉ាសីតា ភ្ញាក់ពីដំណេក មាត់ល្វីងជូរចត់។ នាងហាក់គ្មានកម្លាំងកំហែងសោះ ហើយ​យល់​ថា ដំណេក​ពី​យប់​មិញ​មិន​​ស្កប់​ស្កល់​ឡើយ​។ ស្រី​ខំ​រក​នឹក​ពី​សុបិន​និមិត្តដែលទើបកន្លងទៅ ប៉ុន្តែស្រពិចស្រពិល ច្របូកច្របល់ រកនឹក​មិន​ឃើញ​។ នាង​គិត​ថា ប្រ​ហែល​ជា​មាន​ជំងឺ​អ្វី​មួយ​ហើយ​មើល​ទៅ ឬ​ខួរក្បាលចង់សម្រាកលែងគិតច្រើនម្តងក៏មិន​ដឹងបានជាខួរនាងលែងចង់ទទួលអ្វីទាំង​អស់។

   វ៉ាសីតាលើកដៃឆ្វេងមើលនាឡិកា។ ម៉ោងប្រាំមួយប្លាយទៅបន្តិច តែនាងមិនចង់ក្រោកទេ។ ស្រីឈោងដៃយកប្រ​លោម​លោក​បារាំង​ដែល​ដាក់​លើ​តុ​ក្បាល​ដំណេក រឿង Le HORLA របស់​អ្នកនិពន្ធ Guy de Maupassant មកអានបន្ត ។ រឿងខ្លីៗទាំងនេះ​ធ្វើ​ឲ្យ​នាង​នឹក​ឃើញ​យុវ​វ័យ​​របស់​នាង​នៅ​ភ្នំ​ពេញ​។ យុវតី​និយម​អានរឿងប្រលោមលោកខ្លីៗរបស់អ្នកនិពន្ធ វង់ ផឿង ដែលសរសេរចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​«កម្សាន្ត​​ចិត្ត»​ យ៉ាង​ជក់​ចិត្ត​។ កាល​​នោះ កញ្ញា​វ៉ាសីតា​អន្ទះសាបន់ឲ្យដល់ថ្ងៃសៅរ៍ដើម្បីទិញយកមកមើល វ៉ាសីតានឹក​ឃើញ​អនុស្សាវ​រីយ៍​ទាំង​ប៉ុន្មាន ដែល​បាន​បញ្ចាំង​រូប​ភាព​រស់​រវើក​បន្តបន្ទាប់ហូរហែរពេញខួរក្បាល។ ក្នុងចំណោមចៅទាំងអស់ វ៉ាសីតាជា​ចៅ​ស្រី​សំណព្វ​ចិត្ត​តែ​មួយ​របស់​​ជី​ដូន​។ នាង​នឹក​ឃើញ រាល់​ពេល​ឈប់​សម្រាក ជីដូននាងតែងយកនាងទៅនៅលេងផ្ទះគាត់នៅឯជ្រោយចង្វារ សង្កាត់លេខ៧។

   ថ្ងៃមួយ ជីដូនសម្លាញ់ និងបងស្រីជីដូនមួយរបស់នាងមិននៅផ្ទះ។ វ៉ាសីតា នៅផ្ទះជាមួយអ្នកបម្រើ។ កុមារី​វ៉ា​សីតា ឆ្ងល់​នឹង​ទូ​មួយ​ដែល​នាង​​ពុំ​ដែល​ឃើញ​ជី​ដូន​និង​បង​ជី​ដូន​មួយនាងបើកម្តងណាសោះ។ តើមានអ្វីប្លែកក្នុងទូនោះ ? ថ្ងៃនោះ នាង​មាន​សេរី​ភាព​ពេញ​លេញ​។ នាង​ចង់​​ប្រើ​សេរី​ភាព​របស់​នាង​ម្តង​។ ភ្នែក​រំពៃមើលឆ្វេងស្តាំខ្លាចក្រែងលោជីដូន និងបងស្រីជីដូនមួយត្រឡប់មកវិញទាន់។ ទេ! នៅ​ទេ កុមា​រី​អាយុ​ ៨​ឆ្នាំ​ក៏​ប្រថុយ​បើក​ទ្វារ​ទូ​នោះ​មើល​​។ ឱ! សៀវភៅ! ថតទូនោះរពេញទៅដោយសៀវភៅទេតើ។ ធម្មជាតិជាមនុស្ស​ចូល​ចិត្ត​ចង់​ដឹង​និង​ចង់​ចេះ​ កុមារី​វ៉ាសីតា​ក៏​រើ​សៀវ​ភៅ​ទាំង​នោះ​ចេញ។ នាងឃើញសៀវភៅ គំនូរពណ៌រឿង TINTIN និង ប្រលោម​​លោក​ខ្មែរ​ជា​ច្រើន ដូច​ជា​រឿង​នាង​​សក់​ក្រអូប របស់​អ្នក​និពន្ធ ប៊ីវ ឆៃ​លាង រឿង ចោរ​ភ្នំ​ត្បែង រឿង​បែប​ប៉ូ​លីស​ស៊ើបអង្កេតជាច្រើនទៀតដែលនាង​ភ្លេច​ឈ្មោះ​អ្នក​និពន្ធ​អស់​​ទៅ​ហើយ ព្រម​ទាំង​ទស្សនា​វដ្តី «រាត្រីថ្ងៃសៅរ៍»។

No comments:

Post a Comment