November 05, 2017

សង្ខេប​រឿង​ព្រាត់​ស្នហ៍​នៅ​មណ្ឌល​គីរី ​ក្បាលដំបូង

​រឿង​ព្រាត់​ស្នហ៍​នៅ​មណ្ឌល​គីរី បាន​លាត​ត្រដាង​អំពី នារី​ម្នាក់​ឈ្មោះ​នាង​​មណ្ឌល​គីរី​ ​ជា​កូន​ក្រមុំ​មេ​កន្ត្រាញ​ភ្នំ​យុក​ណាំ​លៀរ នៃ​ជន​ជាតិ​ភាគ​តិច​ដ៏​មាន​រូប​ឆោម​ល្អ​ល្អះ ម្នាក់ បាន​ចាប់​ចិត្ដ​ប្រតិ​ពត្ដិ​ស្នេហ៍ ស្រលាញ់​ជា​មួយ​កំលោះ​ម្នាក់​នៅ​អូរ​រាំង​ឳ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​វត្ដ​មួយ​។ សេច​ក្ដី​ស្នេហា​នេះ​បាន​រីក​ចំរើន មាន​កំលាំង​ធំ​ធេង​ជា​លំដាប់ ទោះ​ស្នេហា​នេះ​ជា​ទំនាស់​រវាង​វណ្ណ​សង្គម​ខ្មែរ​ជន​ជាតិ នឹង វណ្ណ​សង្គម​ខ្មែរ​អ្នក​ផ្សារ​យ៉ាង​ណា​ក៏​ដោយ​។


មេ​កន្ដ្រាញ​ភ្នំ​យុក​ណាំ​លៀរ​បុរស​ពោះ​មាយ បាន​សំដែង​ពី​ការ​ស្រលាញ់​កូន​ស្រី (នាង​មណ្ឌល​គីរី) យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ចិត្ដ​ចង់​ទុក​ភារៈ​ស្នេហា​នេះ​អោយ​កូន​ស្រី​ជា​អ្នក​សំរេច​ជ្រើស​រើស​ដោយ​ខ្លួន​អែង​ផង​ដែរ មេ​កន្ដ្រាញ​ភ្នំ​យុក​ណាំលៀរ ខិត​ខំ​ពង្វាវ​គូ​ដណ្ដឹង​នៃ​កូន​កំលោះ​ជន​ជាតិ​ម្នាក់​ទៀត​អោយ​រង់​ចាំ​អស់​ពេល​យ៉ាង​យូរ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេ​កន្ត្រាញ​រូប​នេះ​នៅ​តែ​ពុំ​អាច​ប្រ​ឆាំង នឹង​វណ្ណ​សង្គម​បាន​ទេ ទំនៀម​ទំលាប់​បាន​គៀប​សង្កត់​អោយ​គាត់​ត្រូវ​តែ​គោរព​ច្បាប់ គោរព​ជន​ជាតិ​របស់​គាត់ បើ​ទោះ​ជា​ត្រូវ​ឈឺ​ចុក​ចាប់ ខ្វះ​សីល​ធម៌ មេត្ដា​ធម៌​យ៉ាង​ណា​ក៏​ដោយ​។​

ក្រោយ​ពី​បាន​ដឹង​ថា នាង​មណ្ឌល​គិរី និង កំលោះ​សូផាន​មាន​ទំនាក់​ទំនង​ស្នេហា​ស្រលាញ់​គ្នា មេ​កន្ដ្រាញ និង បក្ខ​ពួក​កូន​ក្រុម បាន​នាំ​គ្នា​ទៅ​ចាប់​កំលោះ​សូផាន គូ​ស្នេហ៍​នាង​មណ្ឌល​គីរី ចង​ធ្វើ​ទារណ​កម្ម និង ធ្វើ​ពិធី​កាត់​ក្បាល​សែន​ថ្វាយ​អ្នក​តា​ព្រៃ​ភ្នំ​តាម​ទំនៀម​ទំលាប់​នៃ​ជន​ប្រ​ព្រឹត្ដ​ខុស​ក្នុង​សីល​ធម៌​ស្នេហា​លួច​លាក់​​។ ក្នុង​ពិធី​នេះ មេ​កន្ដ្រាញ និង បក្ខ​ពួក​បាន​ផឹក​ស្រា​បង្កប់​ដោយ​ថ្នាំ​សន្ដំ ធ្វើ​អោយ​ស្រវឹង ទោ​ទន់​លង់​លក់​ក្នុង​ដំណេកទាំងអស់​​គ្មាន​សល់​ម្នាក់ នាង​មណ្ឌល​គីរី​ដែល​ជា​អ្នក​រៀប​ចំ​គំរោង​ការ បាន​លប​លួច​ចូល​ទៅ​ស្រាយ​ចំណង​គូស​ង្សារ ហើយ​នាំ​គ្នា​រត់​កាត់​ព្រៃ​ចូល​ទៅ​ល្រុក​អូរ​រាំង​ឳ​ដែល​ជា​ទី​លំ​នៅ​របស់​កំលោះ​សូផាន​បាត់​ទៅ​។

No comments:

Post a Comment