វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវ សន្លឹម។ នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។
នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់ដូចជាឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។

នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ឯពូកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។
ពួកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮ អ្នកលេងកុន ឈ្មោះទីណូរូសស៊ីច្រៀង។ ក្មេងម្នាក់ឈ្មោះ បូណា ចេះប្រសប់យ៉ាងចំឡែកខាងធ្វើត្រាប់សម្តី និងកិរិយានៃគ្រូអាចារ្យ ដែលជាហេតុបណ្តាលឲ្យសំណើចផ្ទុះឡើងឮទ្រហឹងអឺងអាប់។ យុវជនខ្លះទៀតដែលមានឫកពាជាអ្នកសុភាពរម្យទម ឈរនៅមាត់បង្អួចមើលសត្វហើរមនុស្សខ្លះធ្វើការ និងទេសភាពនានា ហើយមានទឹកមុខរីកថ្លាហាក់ដូចជាមានជួបនឹងមិត្រភក្តិ។
No comments:
Post a Comment