November 05, 2017

រឿងស្ត្រីពិត ម្តាយពិត ឪពុកពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។ ថ្ងៃ​មួយ ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​គិត​ធ្វើ​បុណ្យ​កម្សាន្ត​សប្បាយ​មួយ ។ 

ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ចូល​មក​គាល់ ។ មក​ដល់​ទ្រង់​បង្គាប់​ឲ្យ​នាហ្មឺន​នោះ ចេញ​ទៅ​ធ្វើ​រោង​សង់​សាលា​បុណ្យ​នៅ​ត្រើយ​ស្ទឹង​ម្ខាង ។ ឯ​ស្ទឹង​នោះ មាន​ស្ពាន​សួរ​ឆ្លង​ទេ ។ នាហ្មឺន​នោះ ទៅ​ធ្វើ​រោង​សង់​សាលា​រួច​ស្រេច​វិល​មក​ក្រាប​ទូល​ស្ដេច ៗ ទ្រង់​ឲ្យ​រៀប​ភ្ញី​ផ្កា ស្លា​ម្លូ គ្រប់​បរិក្ខារ ជា​រណ្ដាប់​បុណ្យ ហើយ​ស្ដេច​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​ជួន​ជុំ​មន្ត្រី​តូច​ធំ​ហែ​ស្ដេច​យាង​ចូល​រោង​បុណ្យ ។ ឯ​បុរស​នោះ ឮ​ថា​ស្ដេច​ធ្វើ​បុណ្យ​ដូច្នោះ ក៏​មាន​សេចក្ដី​ត្រក​អរ ដោយ​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត ឬ​ទេ? » ហើយ​បុរស​នោះ​ដើរ​ទៅ​នៅ​ក្រោម​ស្ពាន ធ្វើ​ជា​អង្គុយ​ស្ទូច​ត្រី ។ ស្ដេច​ទ្រង់​យាង​ទៅ​ឯ​សាលា​បុណ្យ​មុន​គេ នៅ​តែ​អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច ។ ដល់​វេលា​រសៀល អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច​នោះ ក៏​រៀប​ខ្លួន​នឹង​ទៅ​ចូល​រោង​បុណ្យ ។
 ឯ​ព្រះ​រាជបុត្រី​ស្ដេច​នោះ កំព្រា ពុំ​មាន​ព្រះ​មាតា ៗ ក្ស័យ​ព្រះជន្ម​ចោល​នាង តាំង​អំពី​តូច​ម្ល៉េះ លុះ​អស់​អ្នក​និង​ពួក​ស្រី​ស្នំ​ក្រម​ការ​ឆ្លង​ស្ពាន​ហួស​អស់​ទៅ នៅ​តែ​ព្រះ​រាជបុត្រី​កំព្រា​ជា​ក្រោយ​គេ ដល់​នាង​យាង​ទៅ​ដល់​ស្ពាន នាង​ទត​ទៅ ឃើញ​បុរស​កម្សត់​អង្គុយ​ស្ទូច​ត្រី​នៅ​ក្រោម​ស្ពាន​នាង​ឈប់ ពុំ​ហ៊ាន​យាង​ហួស​ទៅ, អស់​ពួក​ស្រី​បរិវារ​សួរ​ថា «ម្ចាស់ ដូចម្ដេច​បាន​ជា​ឈប់?» ។ ទើប​នាង​មាន​ព្រះ​បន្ទូល​សវនីយ៍​ប្រាប់​ទៅ​អស់​ពួក​ស្រីៗ​ថា «បាន​ជា​ខ្ញុំ​ឈប់​ត្បិត​មាន​បុរស​ម្នាក់​នៅ​អង្គុយ​ក្រោម​ស្ពាន ទៅ​ដូចម្ដេច​នឹង​បាន!» ។ អស់​ស្រី​សាវឡិក​ថា «ម្ចាស់​យាង​ទៅ! មិន​អី​ទេ! ខ្លាច​ថ្វី! មនុស្ស​កម្សត់​ដូច​មនុស្ស​ឆ្កួត» ។ នាង​ឆ្លើយ​ឡើង​ថា «កុំ​ស្រដី​ដូច្នោះ មិន​ត្រូវ​ទេ ធម្មតា​គេ​ជា​ប្រុស ទុក​ជា​គេ​ឆ្កួត​ព្រើល​ល្ងង់​ខ្លៅ​ដូចម្ដេច ក៏​យើង​ជា​ស្រី​មិន​ត្រូវ​ដើរ​រំលង​ក្បាល​គេ​ទេ!» ។ អស់​ពួក​ស្រីៗ​វា​ស្ដី​ឲ្យ​ថា «នៃ​អ្នក​កំឡោះ​អង្គុយ​ស្ទូច​ត្រី​ក្រោម​ស្ពាន! ដើរ​ចេញ! ម្ចាស់​យើង​យាង​ទៅ​ធ្វើ​បុណ្យ» ។

No comments:

Post a Comment