November 04, 2017

កំសត់ណាស់! ខ្មែរកម្ពុជាក្រោម សុខចិត្តខ្ចីលុយគេ ទិញទូក.ង ដើម្បីចូលរួមពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ

ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ពួកគាត់​សុខចិត្ត​ខ្ចី​លុយ​គេ ដើម្បី​ទិញ​ទូកង​មួយ ចូលរួម​ប្រណាំង​នៅ​ខាង​មុខ​ព្រះបរមរាជវាំង នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ។ ការចូលរួម​ប្រណាំង​ទូក​នៅ​ឆ្នាំនេះ ជនជាតិ​ខ្មែរ​ដើម​កម្ពុជា​ក្រោម​យល់ថា ដើម្បី​ចូលរួម​រក្សា​អត្តសញ្ញាណ​ខ្មែរ​ក្រោម គឺជា​ជនជាតិ​ខ្មែរ​ដើម និង​ចង់​ប្រាប់​ពិភពលោក​ថា ខ្មែរ​កម្ពុជា​ក្រោម នៅតែ​រក្សា​ប្រពៃណី​បាន​យ៉ាង​ល្អ។

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាច្រើន នៅ​អម​តាម​មាត់​ទន្លេសាប ម្ដុំ​ព្រះបរមរាជវាំង ទូកង​ឈ្មោះ ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ បាន​បង្ហាញ​ខ្លួន បោះពួយ​យ៉ាង​ឡូយ ក្នុង​ផ្ទៃ​ទឹក។ ឯកសណ្ឋាន​របស់​ទូក​ខ្មែរ​ក្រោម មាន​២​ពណ៌ គឺ ម្ដុំ​ចំណុះ​ក្បាលទូក​ពណ៌​ខៀវ ចំណុះ​កណ្ដាល​ទូក​ពណ៌​លឿង និង​អ្នក​នៅ​ម្ដុំ​កន្ទុយ​ទូក មាន​ឯកសណ្ឋាន​ពណ៌​ក្រហម។ នៅ​ឆ្នាំនេះ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ បាន​រចនា​ថ្មី ដោយ​ទិញ​ទូក​ថ្មី​មួយ​យ៉ាង​លឿន ដើម្បី​ប្រកួត ប្រាថ្នា​ជ័យជំនះ​លេខ​១​នៅ​ឆ្នាំនេះ។

ប្រធាន​គណៈកម្មការ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺ លោក ប៊ុន មុនី រៀបរាប់​ថា ដោយសារតែ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​ដែល​អុំ​រាល់​ឆ្នាំ មាន​សភាព​ចាស់ ទ្រុឌទ្រោម និង​ពិបាក​ក្នុង​ការ​កែសម្រួល​យក​មក​អុំ​វិញ​បាន គណៈកម្មការ​ទូក បាន​សម្រេច​ទិញ​ទូក​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ឆ្នាំនេះ សំដៅ​រក​លេខ​១។ លោក ប៊ុន មុនី អះអាង​ថា ទូកង​ដែល​ទិញ​ថ្មី​នេះ ថ្វីបើ​លឿន​ខ្លាំង​មែន ប៉ុន្តែ​គណៈកម្មការ​មិន​មាន​ថវិកា​សម្រាប់​ទិញ​ទូក​ទេ គឺ​ជំពាក់​គេ​ទាំងស្រុង។ ការ​ជំពាក់​ដែល​ត្រូវ​បែង​ចែក​ជា​ពីរ គឺ​មួយ​ជំពាក់​លុយ​របស់​គណៈកម្មការ​ទូក និង​ជំពាក់​ម្ចាស់​ទូក។ តែ​យ៉ាងណា លោក និង​គណៈកម្មការ​ទូក​សង្ឃឹមថា អាច​ធ្វើ​ឲ្យ​ខ្មែរ និង​បរទេស នៅ​ទូទាំង​ពិភពលោក បាន​ដឹង​ថា ខ្មែរ​ក្រោម​គឺជា​ជនជាតិ​ខ្មែរ​ពី​បរម​បុរាណ​មក។ «សំឡេង»

ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺជា​ទូក​ខ្នាត​អន្តរជាតិ ដែល​មាន​ចំណុះ (កីឡា​អុំ) ២២​នាក់ ប្រវែង​១៨​ម៉ែត្រ ធ្វើ​ពី​ដើម​គគីរ​ទាំងមូល ដោយ​លុង​ចូល​ក្នុង និង​មាន​ត​គែម​លើ​បន្តិច ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​ចូល​ក្នុង​ទូក​នៅ​ពេល​ប្រើ​កម្លាំង​ខ្លាំង​ពេល​ប្រណាំង។

លោក ប៊ុន មុនី មើល​ឃើញ​ថា ទូកង​ថ្មី​របស់​ខ្មែរ​កម្ពុជា​ក្រោម​នេះ លឿន​ជាង​មុន និង​មាន​សង្ឃឹម​ខ្ពស់​ថា ទទួល​បាន​ជ័យ​លាភី​លេខ​១ ក្នុង​ឆ្នាំ​នេះ។ លោក​អះអាង​ថា ថ្វីបើ​ទូកង​នេះ ឈ្មោះ​ខ្មែរ​កម្ពុជា​ក្រោម និង​ទទួល​បាន​ការឧបត្ថម្ភ​ជ្រោមជ្រែង​ពី​ខ្មែរ​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស​ក្ដី ប៉ុន្តែ​កីឡាករ​អុំ​ទូកង​នេះ មិនមែន​សុទ្ធ​តែ​ជា​ខ្មែរ​ក្រោម​នោះ​ទេ គឺ​មាន​ទាំង​ជនជាតិ​ខ្មែរ​កើត​នៅ​ទឹកដី​កម្ពុជា និង​ជនជាតិ​ខ្មែរ​ឥស្លាម។

ខ្មែរឥស្លាម​ម្នាក់ គឺជា​កីឡាករ​ចំណុះ​ទូកង​ខ្មែរ​កម្ពុជា​មានជ័យ បង្ហាញ​ក្ដី​សប្បាយ​រីករាយ នៅ​ពេល សួរ​ថា តើ​យល់​បែប​ណា​ចំពោះ​ការ​អុំទូក​ឲ្យ​ទូកង​ខ្មែរ​ក្រោម។ បើ​ទោះ​យ៉ាង​ណា ខ្មែរ​ឥស្លាម​រូប​នេះ មាន​ផលវិបាក​តែមួយគត់ គឺ​ការ​បរិភោគ​អាហារ​ខុស​ពី​ជនជាតិ​ខ្មែរ​ដើម​កម្ពុជា​ក្រោម។

No comments:

Post a Comment