November 05, 2017

រឿង ស្រមោលស្នេហ៍

ព្រឹកថ្ងៃចន្ទនេះ នាងវ៉ាសីតា ភ្ញាក់ពីដំណេក មាត់ល្វីងជូរចត់។ នាងហាក់គ្មានកម្លាំងកំហែងសោះ ហើយ​យល់​ថា ដំណេក​ពី​យប់​មិញ​មិន​​ស្កប់​ស្កល់​ឡើយ​។ ស្រី​ខំ​រក​នឹក​ពី​សុបិន​និមិត្តដែលទើបកន្លងទៅ ប៉ុន្តែស្រពិចស្រពិល ច្របូកច្របល់ រកនឹក​មិន​ឃើញ​។ នាង​គិត​ថា ប្រ​ហែល​ជា​មាន​ជំងឺ​អ្វី​មួយ​ហើយ​មើល​ទៅ ឬ​ខួរក្បាលចង់សម្រាកលែងគិតច្រើនម្តងក៏មិន​ដឹងបានជាខួរនាងលែងចង់ទទួលអ្វីទាំង​អស់។

   វ៉ាសីតាលើកដៃឆ្វេងមើលនាឡិកា។ ម៉ោងប្រាំមួយប្លាយទៅបន្តិច តែនាងមិនចង់ក្រោកទេ។ ស្រីឈោងដៃយកប្រ​លោម​លោក​បារាំង​ដែល​ដាក់​លើ​តុ​ក្បាល​ដំណេក រឿង Le HORLA របស់​អ្នកនិពន្ធ Guy de Maupassant មកអានបន្ត ។ រឿងខ្លីៗទាំងនេះ​ធ្វើ​ឲ្យ​នាង​នឹក​ឃើញ​យុវ​វ័យ​​របស់​នាង​នៅ​ភ្នំ​ពេញ​។ យុវតី​និយម​អានរឿងប្រលោមលោកខ្លីៗរបស់អ្នកនិពន្ធ វង់ ផឿង ដែលសរសេរចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​«កម្សាន្ត​​ចិត្ត»​ យ៉ាង​ជក់​ចិត្ត​។ កាល​​នោះ កញ្ញា​វ៉ាសីតា​អន្ទះសាបន់ឲ្យដល់ថ្ងៃសៅរ៍ដើម្បីទិញយកមកមើល វ៉ាសីតានឹក​ឃើញ​អនុស្សាវ​រីយ៍​ទាំង​ប៉ុន្មាន ដែល​បាន​បញ្ចាំង​រូប​ភាព​រស់​រវើក​បន្តបន្ទាប់ហូរហែរពេញខួរក្បាល។ ក្នុងចំណោមចៅទាំងអស់ វ៉ាសីតាជា​ចៅ​ស្រី​សំណព្វ​ចិត្ត​តែ​មួយ​របស់​​ជី​ដូន​។ នាង​នឹក​ឃើញ រាល់​ពេល​ឈប់​សម្រាក ជីដូននាងតែងយកនាងទៅនៅលេងផ្ទះគាត់នៅឯជ្រោយចង្វារ សង្កាត់លេខ៧។

   ថ្ងៃមួយ ជីដូនសម្លាញ់ និងបងស្រីជីដូនមួយរបស់នាងមិននៅផ្ទះ។ វ៉ាសីតា នៅផ្ទះជាមួយអ្នកបម្រើ។ កុមារី​វ៉ា​សីតា ឆ្ងល់​នឹង​ទូ​មួយ​ដែល​នាង​​ពុំ​ដែល​ឃើញ​ជី​ដូន​និង​បង​ជី​ដូន​មួយនាងបើកម្តងណាសោះ។ តើមានអ្វីប្លែកក្នុងទូនោះ ? ថ្ងៃនោះ នាង​មាន​សេរី​ភាព​ពេញ​លេញ​។ នាង​ចង់​​ប្រើ​សេរី​ភាព​របស់​នាង​ម្តង​។ ភ្នែក​រំពៃមើលឆ្វេងស្តាំខ្លាចក្រែងលោជីដូន និងបងស្រីជីដូនមួយត្រឡប់មកវិញទាន់។ ទេ! នៅ​ទេ កុមា​រី​អាយុ​ ៨​ឆ្នាំ​ក៏​ប្រថុយ​បើក​ទ្វារ​ទូ​នោះ​មើល​​។ ឱ! សៀវភៅ! ថតទូនោះរពេញទៅដោយសៀវភៅទេតើ។ ធម្មជាតិជាមនុស្ស​ចូល​ចិត្ត​ចង់​ដឹង​និង​ចង់​ចេះ​ កុមារី​វ៉ាសីតា​ក៏​រើ​សៀវ​ភៅ​ទាំង​នោះ​ចេញ។ នាងឃើញសៀវភៅ គំនូរពណ៌រឿង TINTIN និង ប្រលោម​​លោក​ខ្មែរ​ជា​ច្រើន ដូច​ជា​រឿង​នាង​​សក់​ក្រអូប របស់​អ្នក​និពន្ធ ប៊ីវ ឆៃ​លាង រឿង ចោរ​ភ្នំ​ត្បែង រឿង​បែប​ប៉ូ​លីស​ស៊ើបអង្កេតជាច្រើនទៀតដែលនាង​ភ្លេច​ឈ្មោះ​អ្នក​និពន្ធ​អស់​​ទៅ​ហើយ ព្រម​ទាំង​ទស្សនា​វដ្តី «រាត្រីថ្ងៃសៅរ៍»។

សង្ខេប​រឿង​ព្រាត់​ស្នហ៍​នៅ​មណ្ឌល​គីរី ​ក្បាលដំបូង

​រឿង​ព្រាត់​ស្នហ៍​នៅ​មណ្ឌល​គីរី បាន​លាត​ត្រដាង​អំពី នារី​ម្នាក់​ឈ្មោះ​នាង​​មណ្ឌល​គីរី​ ​ជា​កូន​ក្រមុំ​មេ​កន្ត្រាញ​ភ្នំ​យុក​ណាំ​លៀរ នៃ​ជន​ជាតិ​ភាគ​តិច​ដ៏​មាន​រូប​ឆោម​ល្អ​ល្អះ ម្នាក់ បាន​ចាប់​ចិត្ដ​ប្រតិ​ពត្ដិ​ស្នេហ៍ ស្រលាញ់​ជា​មួយ​កំលោះ​ម្នាក់​នៅ​អូរ​រាំង​ឳ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​វត្ដ​មួយ​។ សេច​ក្ដី​ស្នេហា​នេះ​បាន​រីក​ចំរើន មាន​កំលាំង​ធំ​ធេង​ជា​លំដាប់ ទោះ​ស្នេហា​នេះ​ជា​ទំនាស់​រវាង​វណ្ណ​សង្គម​ខ្មែរ​ជន​ជាតិ នឹង វណ្ណ​សង្គម​ខ្មែរ​អ្នក​ផ្សារ​យ៉ាង​ណា​ក៏​ដោយ​។


មេ​កន្ដ្រាញ​ភ្នំ​យុក​ណាំ​លៀរ​បុរស​ពោះ​មាយ បាន​សំដែង​ពី​ការ​ស្រលាញ់​កូន​ស្រី (នាង​មណ្ឌល​គីរី) យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ចិត្ដ​ចង់​ទុក​ភារៈ​ស្នេហា​នេះ​អោយ​កូន​ស្រី​ជា​អ្នក​សំរេច​ជ្រើស​រើស​ដោយ​ខ្លួន​អែង​ផង​ដែរ មេ​កន្ដ្រាញ​ភ្នំ​យុក​ណាំលៀរ ខិត​ខំ​ពង្វាវ​គូ​ដណ្ដឹង​នៃ​កូន​កំលោះ​ជន​ជាតិ​ម្នាក់​ទៀត​អោយ​រង់​ចាំ​អស់​ពេល​យ៉ាង​យូរ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេ​កន្ត្រាញ​រូប​នេះ​នៅ​តែ​ពុំ​អាច​ប្រ​ឆាំង នឹង​វណ្ណ​សង្គម​បាន​ទេ ទំនៀម​ទំលាប់​បាន​គៀប​សង្កត់​អោយ​គាត់​ត្រូវ​តែ​គោរព​ច្បាប់ គោរព​ជន​ជាតិ​របស់​គាត់ បើ​ទោះ​ជា​ត្រូវ​ឈឺ​ចុក​ចាប់ ខ្វះ​សីល​ធម៌ មេត្ដា​ធម៌​យ៉ាង​ណា​ក៏​ដោយ​។​

ក្រោយ​ពី​បាន​ដឹង​ថា នាង​មណ្ឌល​គិរី និង កំលោះ​សូផាន​មាន​ទំនាក់​ទំនង​ស្នេហា​ស្រលាញ់​គ្នា មេ​កន្ដ្រាញ និង បក្ខ​ពួក​កូន​ក្រុម បាន​នាំ​គ្នា​ទៅ​ចាប់​កំលោះ​សូផាន គូ​ស្នេហ៍​នាង​មណ្ឌល​គីរី ចង​ធ្វើ​ទារណ​កម្ម និង ធ្វើ​ពិធី​កាត់​ក្បាល​សែន​ថ្វាយ​អ្នក​តា​ព្រៃ​ភ្នំ​តាម​ទំនៀម​ទំលាប់​នៃ​ជន​ប្រ​ព្រឹត្ដ​ខុស​ក្នុង​សីល​ធម៌​ស្នេហា​លួច​លាក់​​។ ក្នុង​ពិធី​នេះ មេ​កន្ដ្រាញ និង បក្ខ​ពួក​បាន​ផឹក​ស្រា​បង្កប់​ដោយ​ថ្នាំ​សន្ដំ ធ្វើ​អោយ​ស្រវឹង ទោ​ទន់​លង់​លក់​ក្នុង​ដំណេកទាំងអស់​​គ្មាន​សល់​ម្នាក់ នាង​មណ្ឌល​គីរី​ដែល​ជា​អ្នក​រៀប​ចំ​គំរោង​ការ បាន​លប​លួច​ចូល​ទៅ​ស្រាយ​ចំណង​គូស​ង្សារ ហើយ​នាំ​គ្នា​រត់​កាត់​ព្រៃ​ចូល​ទៅ​ល្រុក​អូរ​រាំង​ឳ​ដែល​ជា​ទី​លំ​នៅ​របស់​កំលោះ​សូផាន​បាត់​ទៅ​។

រឿង ប្រលោមលោក សោភិនី​២០១៣

ពេល​គាត់​រាំ ស្រីៗ​នាំ​គ្នា​លើក​ដៃ​ផ្ទប់​មាត់​សើច ព្រោះ​គាត់​មិន​ចេះ​រាំ​ហើយ​មុខ​កំព្រឹង​ៗ​មិនដែល​ញញឹម​ និង​កម្រ​មាត់ក​បំផុត។ គាត់​ឡើង​រាំ ដោយសារ​តែ​បញ្ជា​ចៅហ្វាយ​។ ក្រៅ​ពី​ហ្នឹង​គាត់​ក៏​អង្គុយ​ស្ងៀម​ តែ​ពូកែ​ផឹក​ស្រា​ណាស់ ។ លើក​ដាច់​ៗ មិន​ចេះ​ស្រវឹង​ផ្ដាស​ទេ។ គាត់​ឈ្មោះ​​បង”វិរៈ”។​បាន​ជា​ខ្ញុំ​ស្គាល់​គាត់​ព្រោះ​តែ​គាត់​​មាន​ចរិត​ចម្លែក​ៗ​ហ្នឹង​ឯង។

គាត់​​ជា​អង្គរក្ស​ឧកញ៉ា​ម្នាក់​ឈ្មោះ​វិធួន។ ឧកញ៉ា​ហ្នឹង​នៅក្មេង​មាន​ស្រី​ច្រើន​នាក់​តែ​មិនទាន់​រៀបការ​ទេ។ គាត់​សម្បូរ​លុយ​ចាយ​ណាស់​ហើយ​ដៃ​ទូលាយ​ផង។ ផឹក​ដាច់​មួយ​កែវ​គាត់​ឲ្យ​មួយ​សន្លឹក​ធំ​ភ្លាម អីចឹង​ហើយ ឲ្យ​តែ​គាត់​មក​ ម្នាក់ៗ​រត់​ទៅ​រក​គាត់។ សំខាន់​ត្រង់ថា​គាត់​រើស​ស្រី​បន្តិច ទាល់​តែ​ស្រីៗ​ណា​សម្បុរ​ស ឡូយ ក្មេង​ ហើយ​ស្អាតៗ​ពូកែ​រាំ​ ពូកែ​ច្រៀង​ បាន​គាត់​ហៅ​ទៅ​អង្គុយ​ជិត ។ ឲ្យ​តែ​បាន​អង្គុយ​ជិត​គាត់ ច្បាស់​ជា​បាន​ចូល​ខារ៉ាអូខេ ហើយ​ពេល​បាន​ចូល​ដល់​ទីនោះ​គឺ​ជា​វគ្គ​លើក​ដាច់​មួយ​សន្លឹក​ៗ។ នេះ​ខ្ញុំ​ឮ​តែ​គេ​ថា​ទេ ​ព្រោះ​ចែ​មិនដែល​ហៅ​ខ្ញុំ​ទៅ​ជួប​ឧកញ៉ា​នោះ​ឡើយ​ ដោយ​ខ្ញុំ​នេះ​គេ​ចាត់​ទុក​ថា​ស្បែក​ខ្មៅ​ ទោះ​មុខ​ខ្ញុំ​ស្រស់​កាល​ពី​ក្មេង​​គេ​ហៅ​មី​ស្រស់ៗ​រហូត​​ក៏​ដោយ។
ចំណែក​បង​ វិរៈ ពេល​ដែល​ឃើញ​ឧកញ៉ា​នោះ​គឺ​ឃើញ​គាត់។ គាត់​មិន​ចេះ​លេង​សើច​អី​ទេ​តែ​មើល​ទៅ​ពូកែ​ផឹក​លេខ​មួយ​។ ពេល​ចេញ​ទៅ​វិញ​គេ​មាន​ស្រីៗ​ទៅ​ម្នាក់​មួយៗ ​ប៉ុន្តែ​គាត់​ដើរ​ម្នាក់​ឯង​រាល់​លើក។
យប់​នេះ​បង វិរៈ​ ឡើង​រាំ​ដោយសារ​ពួក​អង្គរក្ស​ផ្សេង​ទៀត គេ​ពន្យុះ​ឧកញ៉ា​ឲ្យ​ហៅ​គាត់​ឡើង​រាំ​គឺ​គេ​ចង់​ព្រួត​គ្នា​លេង​គាត់ បន្ទាប់​ពី​ហ្នឹង​ឧកញ៉ា​ហៅ​កាហា​ស្រី​វៀតណាម​សាច់​ស​ដូច​សម្លី​ឲ្យ​មក​អង្គុយ​គង​អន្ទាក់​ខ្លា​ចេញ​ភ្លៅ​ស​ស្ងាច​ក្បែរ​គាត់។ កាហា​​មិន​ស្អាត​ខ្លាំង​ទេ​ តែ​នាង​នៅ​ក្មេង​ហើយ​ពូកែ​ញ៉ិកញ៉ក់​ភ្ញៀវ​ណាស់។ អីចឹង​ហើយ​បានជា​ឧកញ៉ា​ចង់​បំបែក​ភាព​ស្ងាត់ស្ងៀម​របស់​បង​ វិរៈ ​ដោយសារ​ស្រី​នេះ។ អុះ​ភ្លេច​ប្រាប់​មិត្ត​អ្នកអាន ដែល​និយាយ​នេះ​មិនមែន​បាន​ន័យ​ថា ខ្ញុំ​កំពុង​អង្គុយ​សាឡុង​ជាមួយ​ពួកគេ​ទេ​ណា៎ គឺ​ខ្ញុំ​កំដរ​ភ្ញៀវ​ជាប់​ទីនោះ ខ្ញុំ​ក៏​តាមដាន​មើល​ពួកគេ​ទៅ។ និយាយ​ទៅ​ ឲ្យ​តែ​ឧកញ៉ា​មក​អ្នកណា​ៗ​ក៏​គេ​មើល​អីចឹង​តែ​ទាំង​អស់​ហ្នឹង។ ឯ​ប្រុស​ចិត្ត​ថ្ម”បង​វិរៈ”​ ជា​គោលដៅ​ទី​ពីរ​ដែល​ពួក​ស្រីៗ​ចង់​បង្អាប់​លេង​ដូច​ត្លុក​ដោយសារ​គាត់​ខុសគេ។
ពេល​អង្គរក្ស​ផ្សេងៗ​ទៀត កំពុង​លូកលាន់​បែប​អាសអាភាស​ជាមួយ​ស្រី​ស្អាត​នៅ​សាឡុង​នោះ បង វិរៈ ឈប់​រាំ ហើយ​ត្រលប់​មក​តុ​វិញ​ គាត់​អង្គុយ​ធ្មឹង​ដូច​ដើម​គួរ​ឲ្យ​ហួសចិត្ត​ដែរ។ ប្រហែល​ខ្ញុំ​មើល​គាត់​យូរ​ពេក​ហើយ​បាន​ជា​គាត់​ស្រាប់​តែ​ងាក​មក​មើល​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ស្លេក​ប្រញាប់​គេច​មុខ​ធ្វើ​មិន​ដឹង​វិញ​ភ្លាម​។

សង្ខេបរឿងផ្កាស្រពោនខ្មែរ

វក្គទី១
វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវ    សន្លឹម។ នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។
នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់ដូចជាឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។

នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ឯពូកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។
ពួកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮ អ្នកលេងកុន ឈ្មោះទីណូរូសស៊ីច្រៀង។ ក្មេងម្នាក់ឈ្មោះ បូណា ចេះប្រសប់យ៉ាងចំឡែកខាងធ្វើត្រាប់សម្តី និងកិរិយានៃគ្រូអាចារ្យ ដែលជាហេតុបណ្តាលឲ្យសំណើចផ្ទុះឡើងឮទ្រហឹងអឺងអាប់។ យុវជនខ្លះទៀតដែលមានឫកពាជាអ្នកសុភាពរម្យទម ឈរនៅមាត់បង្អួចមើលសត្វហើរមនុស្សខ្លះធ្វើការ និងទេសភាពនានា ហើយមានទឹកមុខរីកថ្លាហាក់ដូចជាមានជួបនឹងមិត្រភក្តិ។

យុទ្ធោបករណ៍ និង​ វិធីសាស្ត្រធ្វើសង្គ្រាមរបស់បុព្វបុរសខ្មែរ

សេចក្ដីផ្ដើម
ប្រជាជាតិខ្មែរធ្លាប់មានប្រវត្តិដ៏រុងរឿង ជ្រកកោន ក្នុងដែនដីចក្រភពមានអំណាច និង ឥទ្ធិពលគ្របដណ្ដប់ទៅ លើនគរជិតខាង អាស្រ័យដោយបុព្វបុរសខ្មែរ ជាពូជអ្នកចម្បាំង ខ្លាំងពូកែ យូរលង់ណាស់មកហើយ ។ ទន្ទឹមនឹង នគរចម្ប៉ាក្លាយទៅជាវៀតណាមភាគកណ្ដាល ហើយដែន ដីរាមញ្ញមន’ក្លាយទៅជា ភូមា និងថៃនោះ ខ្មែរយើងដែល ជាប់ពូជអម្បូរ ខម បែរជាអាច ថែរក្សាទឹកដីឲ្យនៅគង់វង្ស បានមួយក្រវេចក្នុង ផែនទីពិភពលោកនឹងគេដែរ ព្រោះហេតុតែដូនតាខ្មែរ ជំនាញខាងការធ្វើសង្គ្រាមការពារជាតិ​មាតុភូមិមិនសុខចិត្តឲ្យពួកបរទេស លេបត្របាក់ យកបាន ដោយងាយៗនេះឯង ។
តើបុព្វបុរសខ្មែរ មានមធ្យោបាយធ្វើសង្គ្រាមរបៀបណា ? យើងសាកល្បងសិក្សាស្រាវជ្រាវដូចតទៅ ៖

I – អំពីបន្ទាយទ័ព
ព្រះមហាក្សត្រខ្មែរពីបុរាណព្រេងនាយ មុននឹងយាងទៅគង់ប្រថាប់នៅទីណា ឬក៏លើកទ័ព ទៅវាយបច្ចាមិត្ត ទ្រង់តែងមានព្រះតម្រិះ ពីបញ្ហាតាំងទីបន្ទាយរាយទ័ពជា អាទិភាព រីឯទីតាំងបន្ទាយនោះ ត្រូវប្រកបដោយលក្ខណ: សម្បត្តិដូចខាងក្រោម ៖

ដីជ័យភូមិ៖​ ជាទីតាំងខ្ពស់ផុតពីទឹក សមប្រកបតាមក្បួនពិជ័យ សង្គ្រាម និងក្បួនហោរាសាស្ត្រ ។ នុំនឹង វាតដីតាំងជា បន្ទាយស្ដេច ឬមេទ័ពធំ តែងតម្រូវឲ្យហោរាទស្សន៍ទាយ វាស់វែងបែងក្រឡាមើលដីនោះ ឲ្យល្អិតល្អន់សិន ។
  • មានស្ទឹង ឬទន្លេព័ទ្ធជុំវិញ៖​ ចំណុចនេះ បើសិនជាគ្មានស្ទឹង ឬទន្លេនៅជិត ព្រះមហាក្សត្រ ឬមេទ័ពធំ តែងបញ្ជាសេនារេហ៍ពល ឲ្យជីកជាគូទឹកព័ទ្ធជុំញ ដោយ មានចិញ្ចឹមក្រពើកាចៗផង ដើម្បីទុកជាមធ្យោបាយការពារ ទប់ទល់ នឹងបច្ចាមិត្ត ។
  • សង់សើន និងប៉មខ្ពស់ៗ៖ បើបន្ទាយនោះធំ ការសង់សើន និងប៉មក៏ធ្វើធំ ហើយខ្ពស់ទៅតាមនោះដែរ ។ បើបន្ទាយ នោះតូចតាច សើន និងប៉មក៏ទាបៗ ។ គេធ្វើសើនសម្រាប់ដាក់តម្កល់មេរៀម ឬកាំភ្លើងធំ ដើម្បីបាញ់ ការពារបន្ទាយ ។ ឯប៉ម សម្រាប់ឲ្យពលសេនា អង្គុយយាមមើលទៅមុខបានឆ្ងាយ។ 
  • លើកដីឱ្យខ្ពស់ ឬ ធ្វើជាកំពែង៖ គេលើកដីព័ទ្ធជុំវិញបន្ទាយ ដូចជាទំនប់ទឹក ដើម្បីទប់នឹង ផ្លែព្រួញ ឬគ្រាប់មេរៀមរបស់ខ្មាំង ។ បើបន្ទាយនោះធំមាំមួន គេធ្វើជាកំពែងថ្ម អាចជិះសេះពីលើ​បានងាយស្រួលឲ្យពលសេនា បញ្ជូនសារ និងពាក្យបញ្ជាពីថ្នាក់លើទៅថ្នាក់ ក្រោម ក្នុងករណីមាន​ភាពអាសន្នកើតឡើង ។
  • រោង និងឃ្លាំង៖ សម្ភារ:សង់រោង សម្រាប់ពលសេនាស្នាក់នៅ ច្រើនធ្វើពីឈើប្រក់ស្បូវ មានរានរនាប​ប្ញស្សីសម្រាប់ដេក ទៅតាមពួក តាមកងនីមួយៗ ។ មានរោង ចម្អិនអាហារ រោងព្យាបាលជំងឺ និងរោងគុក សម្រាប់ដាក់យុទ្ធជនល្មើសវិន័យ ។ ឃ្លាំងជាកន្លែង សម្រាប់ផ្ទុកស្បៀងអាហារ ដូចជា អង្ករ ពោត សណ្ដែក អំបិល ត្រីងៀត ត្រីឆ្អើរ ប្រហុក គ្រឿងសស្ត្រាវុធ និង សំលៀកបំពាក់ ៘
  • ក្រោលដំរី ក្រោលសេះ ៖ ធ្វើក្រោលដំរី ពាក្យបុរាណថា តាំងខ្លោងព្នៀត ដោយកាប់ឈើប៉ុន៉ៗសសរ​ផ្ទះ មកដាំ ច្រុះតំរៀមគ្នា ដូច ម្រាមដៃព័ទ្ធទីធ្លាដ៏ធំមួយ មានឈើជាម្លប់ល្មមដំរីជ្រកការពារ កម្ដៅថ្ងៃបាន ។ ក្រោលនេះធំទូលាយ អាចផ្សាំងដំរីសឹកបាន ។ ដំរីដែលជាប់ក្នុងក្រោល ភាគច្រើនគេដាក់ទន្លីងមិន ឲ្យវាដើរ ទៅណាបានឆ្ងាយ ដោយមានពលបោចស្មៅ និងយកទឹកមកឲ្យដល់កន្លែង ព្រោះនៅពេល ជាប់ច្បាំង ឬខ្មាំងព័ទ្ធជាប់ គេពុំអាចយកដំរីទៅលែងឲ្យស៊ីខាងក្រៅបន្ទាយបានឡើយ ។ ឯក្រោល សេះ និងកន្លែងដាក់រទេះ ក៏មានលក្ខណ:ប្រហាក់ ប្រហែលក្រោលដំរីដែរ ដោយគ្រាន់តែសង់ឲ្យ វាឃ្លាតឆ្ងាយពីគ្នាបន្តិច ព្រោះដំរី និងសេះ ផ្អើលខ្លាចគ្នាទៅវិញទៅមក ដាក់ជិតគ្នាមិនបានទេ ។
  • ទីលានហាត់យុទ្ធសាស្ត្រ៖ គេច្រើនយកទីតាំងនៅកណ្ដាលបន្ទាយ ដែលជាទីធ្លាវាលស្រឡះគ្មានបន្លា ឬគល់ដង្គត់ជាឧបសគ្គ ។ មានដាក់ ផ្ទាំង ស៊ីបភ្ជាប់នឹងដើមឈើ ឬសសរ សម្រាប់ហាត់បាញ់ ព្រួញ ចោលលំពែង គប់កាំបិត ។ មានកន្លែងហាត់ជិះសេះ ជិះដំរី កាប់ដាវ គុនដំបង និងធ្លា សម្រាប់បើកសមរភូមិ ប្រយុទ្ធរួមគ្នាម្ដងៗរាប់រយនាក់ ។ បន្ទាយគ្រប់ទីកន្លែង ត្រូវតែមាន​លក្ខណ:សម្បត្តិ  ដូចខាងលើនេះ  ។ ជួនកាលព្រះមហាបានត្រាស់បង្គាប់ឲ្យសាងសង់​បន្ទាយ ធ្វើជារាជវាំងគង់នៅជាអចិន្ត្រៃយ៍តែម្ដង ដោយមានរៀបកំពែងថ្ម តជាកសិណ ដាំប្ញស្សីច្រុះក្ដារ យ៉ាងមាំមួន ដូចជាបន្ទាយលង្វែកជាដើម ។

ប្រាសាទកោះកេរ្តិ៍

ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលេន មានចំងាយ ៧២គ.ម តាមផ្លូវជាតិលេខ ២៣គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ ២១១ និង ផ្លូវលំ ចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទ កោះកេរ្តិ៍ សង់លើផ្ទៃដី ខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី៤ (៩២៨-៩៤២)។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ ៣៥ម ចែកចេញជា ៧ ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខនោះទៅទិសខាងលិច ទៅរករាជធានីអង្គរ។

កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទកោះកេរ្តិ៍នេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែល សិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬ ផ្តល់សេចក្តីសុខ ក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។
ក្រុមប្រាសាទ កោះកេរ្តិ៍ ដែលបានរកឃើញសព្វថ្ងៃ មានចំនួន ៩៦ ប្រាសាទដូចជាៈ ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា  ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ  សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះ ពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី ១គ.ម ទៅ ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាត បាត់រូបរាង ខ្លះកប់ក្នុងដី...។ ក្នុងនោះយើង សូមលើកយកទិដ្ឋភាពប្រាសាទ មួយចំនួនមករៀបរាប់៖
  • ប្រាសាទនាងខ្មៅ៖ នៅតាមបណ្តោយដងផ្លូវមួយ ទៅទិសខាងជើង ប្រមាណជាង ៣គ.ម គេឃើញជាដំបូង គឺ ប្រាសាទនាងខ្មៅ នៅខាងកើតផ្លូវ នៅលើដីទួលមួយ បែរមុខឆ្ពោះទៅទិសខាងលិច ចំរាជធានីអង្គរ។  ប្រាសាទនេះសង់អំពីថ្មភក់ កំពស់ប្រមាណ ២០ម រាងជាចេតីយ៍ សម្បុរខ្មៅ មានខឿន កំពស់ប្រមាណជាង ២ម ចែកចេញជា ៣ថ្នាក់មានកំផែងធ្វើពីថ្មបាយក្រៀម ព័ទ្ធជុំវិញប្រវែង ៤៤មx៤៤ម មានខ្លោងទ្វារ ចេញចូលតែពីរទេ គឺខាងលិច និង ខាងកើតតែប៉ុណ្ណោះហើយមានកំពស់ ប្រមាណ២ម។ នៅខាងក្នុងប្រាសាទ នាងខ្មៅនេះ បច្ចុប្បន្ននៅសល់តែ ទរ (យោនី) ប៉ុណ្ណោះ ឯសិវលឹង្គប្រវែង ២ម ទំហំ១ម នោះត្រូវបាត់បង់ទៅហើយ។ ចំលាក់តាមផ្តែរ ក្លោងទ្វារចូលប្រាសាទ ខូចបន្តិចបន្ទួច តួប្រាសាទនៅល្អប្រមាណ ៩០% មានព្រៃល្បាស់ ដុះព័ទ្ធជុំវិញ ឯកំពែងខូចខាត ប្រមាណ ៣០%។
  • tobe continues

និយាយអំពីប្រាសាទព្រះវិហារដោយសង្ខេប

សាងសង់ៈ ចុង​សតវត្ស​ទី​9 និង​ពាក់កណ្តាល​សតវត្ស​ទី​១២
សាសនាៈ ហិណ្ឌូ (​សិ​វៈ​)
​រជ្ជកាលៈ ព្រះបាទ​យ​សោ​វរ្ម័នទី​១ និង​សូរ្យ​វរ្ម័នទី​១ និង​ទី​២

​ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ នៅលើ​ពយ​តា​ឌី នៅជាប់​ច្រាំង​ថ្ម​កម្ពស់​៥២៥ ម៉ែត្រ នៃ​ភ្នំ​ដងរែក  ក្នុង​ខេត្ត​ព្រះវិហារ នៃ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ដល់​ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​១៤០​គ​.​ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ​.​ម ពី​ទីក្រុង​ភ្នំពេញ​។

Preaviha

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃឡង់ដ៏ មានចំងាយ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីពី ខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះគឺនៅភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។

ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រាសាទ​ដែល​បាន​សាងសង់​ក្នុងសម័យ​អាណាចក្រ​ខ្មែរ នៃ​សតវត្ស​ទី​៦​។ ប្រាសាទ​នេះ មាននូវ​វិហារ​ជាច្រើន ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​កម្រាល​ថ្ម និង​ជណ្តើរ​មាន​ប្រវែង​ប្រហែល ៨០០​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឲ្យមើល​ឃើញ​នូវ​ទេសភាព​ដែល​នៅ​ជុំវិញ​នោះបាន​យ៉ាងច្បាស់​។ ប្រាសាទ​នេះ​ត្រូវបាន​ឧទ្ទិស​ដល់​ព្រះ​សិវៈ គឺ​មាន​ភាពខុសប្លែក​ពី​ប្រាសាទ​ដទៃ ក្នុងចំណោម​ប្រាសាទខ្មែរ ដែល បាន​សាងសង់ តាម​បណ្តោយ​អ័ក្ស​ជើង​ត្បូង ជា​ជាង​មាន​រាង​ជា​ចតុកោណកែង ឆ្ពោះ​ទៅ​ខាងកើត​។ ប៉ុន្តែ​ទោះបីជា​ប្រាសាទ​នេះ មាន​ភាព​ខុសប្លែក​គ្នា​ច្រើន​ពី​ប្រាសាទ​ភ្នំ ដែល​បាន​រកឃើញ​នៅ​អង្គរ គេ​ជឿ​ថា​ប្រាសាទ​ទាំងនេះ​ត្រូវបាន​សាងសង់​ឡើង តំណាងឲ្យ ភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព​។​


ប្រាសាទព្រះវិហារ មានទំហំ ៨០០ម×៤០០ម ស្ថិតនៅលើភ្នំព្រះវិហារដែលមានកំពស់ ៦២៥ម នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃ ព្រះរាជាណាចក្រកម្ពុជា និង រាងទេរពីប្រទេស ថៃឡង់ដ៏។ ប្រាសាទព្រះវិហារ មានច្រកចូល ៣ ទៅកាន់ប្រាសាទ៖

  • ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់ មានកាំជណ្តើរឡើង ទៅកាន់កំពូលភ្នំ ដងរែកនៃប្រាសាទ ព្រះវិហារ។
  • ច្រកតាមប្រទេសយើង ដដែលគឺតាមផ្លូវ គ១ ដែលជាផ្លូវជួសជុលចាក់បេតុង សំរាប់ឡើងទៅកាន់ ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ក៏ដូចជាអ្នករកស៊ី លក់ដូរនៅទីនោះភាគច្រើននាំគ្នា ឡើងតាមផ្លូវនេះ ព្រោះងាយស្រួល ក្នុងការធ្វើដំណើរឡើង។
  • ច្រកចូលតាម ប្រទេសថៃឡង់ដ៏ ដែលភ្ញៀវទេសចរ អន្តរជាតិចូលចិត្តធ្វើដំណើរ តាមច្រកនេះ។

រឿង សត្វឥន្ទ្រី និងក្រពើដណ្តើមដំរីគ្នាសុី

​មាន​និទាន​មួយ​ថា : មាន​សត្វ​ឥន្ទ្រី​មួយ​នៅ​លើ​កោះ កណ្ដាល​សមុទ្រ ហើយ​មាន​ក្រពើ​មួយ​ធ្វើ​រូង​នៅលើ​កោះ​នោះ​ផង ។ សត្វ​ឥន្ទ្រី​នោះ​តែង​ទៅ​ឆាប​ដំរី​អំពី​ត្រើយ​សមុទ្រ​យកមក​ឆី នៅ​ខាង​រូង​ក្រពើ​ជា​ប្រក្រតី ។ ថ្ងៃមួយ ក្រពើ​មើល​យល់​ឥន្ទ្រី​ពាំ​ដំរី​និង​ឆី​ហើយ ក្រពើ​នោះ​គិត​គ្នាន់ក្នុងចិត្ត​ថា “ អញ​នឹង​ដណ្ដើម​សាច់​ដំរី​អំពី​ឥន្ទ្រី​ឆី ។


លុះ​ឥន្ទ្រី​ពាំ​ដំរី​មក​ដាក់​ដល់​ឋាន​ដែល​ធ្លាប់តែ​បរិភោគ​រៀងរាល់​ថ្ងៃ​នោះ ក្រពើ​នោះ​វា​ចេញ​អំពី​រូង​ឡើង​ទៅ​រក​ឥន្ទ្រី​ហើយ​សួរថា “ ម្នាល​ឥន្ទ្រី ! ម្ដេច​ក៏​ព្រះស្ដែង​មក​លួច​សាច់​ដំរី​ជា​អាហារ​អញ ? ” ។ ឥន្ទ្រី​ឆ្លើយថា “ ដំរី​នេះ​អញ​ឆាប​យក​មក​អំពី​ត្រើយ​សមុទ្រ​ជា​ប្រាកដ​ទើបតែ​អម្បាញ់មិញ​នេះ​ឯង ម្ដេច​ក៏​ព្រះស្ដែង​ថា​អញ​លួច​អាហារ​ព្រះ​ស្ដែង ? ” ។ ក្រពើ​និង​ឥន្ទ្រី​វិវាទ​គ្នា ប្រាថ្នា​ចង់បាន​សាច់​ដំរី​ទៅវិញទៅមក ពុំ​ដាច់ស្រេច​ឡើយ ទើប​នាំគ្នា​ទៅប្ដឹង​ពោធិសត្វ​ជា​តាបស​នៅ​ទីនោះ ។ ក្រពើ​និង​ឥន្ទ្រី​ប្ដឹង​ដោយ​ដំណើរ​ទីទៃ ៗ ។ ក្រពើ​ថា “ ខ្ញុំ​ខាំ​ដំរី​នឹង​ឆី​នៅ​រូង​ខាង​រូង​លំនៅ​ខ្ញុំ ឥន្ទ្រី​នេះ​មក​ដណ្ដើម​សាច់​ដំរី នឹង​យក​ឆី​ជា​អាហារ​វា ” ។ ឥន្ទ្រី​ថា “ ដំរី​នេះ​ខ្ញុំ​ឆាប​អំពី​ត្រើយ​សមុទ្រ​ជា​ប្រាកដ ទើបតែ​មក​ដល់ ខ្ញុំ​គិត​នឹង​ឆី ស្រាប់តែ​ក្រពើ​នេះ​វា​វារ​ឡើង​អំពី​រូង ទៅ​ថា “ ខ្ញុំ​លួច​ចំណីអាហារ​វា ” ទាំងនេះ​សូម​ព្រះអង្គ​ពិចារណា​ឲ្យ​ខ្ញុំ​ហោង ” ។ ទើប​តាប​សមក​មើល​ដល់​ទី​កន្លែង​ដំរី​ឃើញ​តែ​ស្នាម​ក្រចក​ឥ​ន្ទ្រី ពុំ​ឃើញ​ចង្កូម​ក្រពើ​នោះឡើយ ព្រះអង្គ​យក​ក្រចក​ឥន្ទ្រី​មក​ផ្ទាប់​មើល​យល់​ថា​មែន ។ តាបស​ថា “​ឥន្ទ្រី​នេះ​យល់​ជាមាន​សាក្សី​មែនពិត ឯ​ក្រពើ​ឥត​សាក្សី​អ្វី​ឡើយ​" ទើប​កាត់សេចក្ដី​នោះ​ឲ្យ​ក្រពើ​ចាញ់​ឥ​ន្ទ្រី ។ តាបស​កាត់សេចក្ដី​ដូច្នេះ ហៅ​ថា​សុគតិគមនំ​ហោង ។​​​

សង្ខេប​រឿង​ ភ្នំបាយ៉ង់កោ

 ​​ ​ក្នុងសម័យ​ព្រេងនាយ នៅ​ប្រទេស​ខ្មែរ​មាន​ស្ដេច​មួយ​អង្គ​ទ្រង់​ព្រះនាម​ព្រះបាទ បា​យ៉ង់ មាន​ព្រះ​ដំណាក់​នៅឯ​ភ្នំ​ដងរែក មាន​ព្រះ​អគ្គមហេសី​ល្អ​ណាស់ ទ្រង់​ព្រះនាម ព្រះ​នាង​សក់​ក្រអូប ប្រកប​ដោយ​ព្រះ​រូប​ព្រះ​ឆោម​ព្រះ​ភក្ត្រ​ល្អ​ប្រិមប្រិយ សម្បុរ​ភ្លឺ​ថ្លា​ដូច​នាង​ទេព​ធីតា ក្លិនក្រអូប​សាយ​ចេញ​ជុំវិញ​ព្រះកាយ ១ យោ​ជន៍ ល្បី​កិត្តិយស​សុសសាយ​ទៅដល់​ព្រះ​ចៅ​សៀមៗ ចាត់​ឲ្យ​មនុស្ស​មក​ស៊ើបអង្កេត​ពិនិត្យ បានដឹង​ពិត​ថា​ល្អឆើត ដាច់​ស្រី​ទាំងឡាយ​មែន ជា​ស្រី​បរិបូណ៌​ដោយ​លក្ខណៈ​គ្រប់យ៉ាង ។​ ​​
​ស្ដេច​សៀម​រក​ឧបាយកល​ចូលមក​ចាប់​ព្រះ​នាង​យក​ទៅ ដើម្បី​ជា​កិត្តិយស​ប្រទេស​ខ្លួន ។​ ​​
​ស្ដេច​បា​យ៉ង់​ទ្រង់​ទ្រាប​ការណ៍​ដូច្នោះ ក៏​នាំ​ព្រះ​នាង​អគ្គមហេសី​នូវ​ពួក​ស្រីស្នំ​ក្រម​ការ នឹង​ពល​សេនា​ទាំងឡាយ ចុះ​សំពៅ​ភៀស​ព្រះអង្គ​រត់ចេញ​ចោល​ព្រះ​ដំណាក់​ទាំង​វេលាយប់​បើក​សំពៅ​សំដៅ​ទៅ​ទិស​អាគ្នេយ៍ ។ មុន​នឹង​ស្ដេចយាង​ចេញ​ទ្រង់​លើក​ព្រះហស្ត​ប្រណម្យ​ដាក់​លើ​ព្រះ​សិរសា​សច្ចា​បន់​ទេវតា​រក្សា​ទឹកថា " សូមឲ្យ​បាន​សម្រេចសេចក្ដី​ប្រាថ្នា ៣ ប្រការ គឺ​ ​​
​១- សូមឲ្យ​បាន​សុខ​ក្នុង​ដំណើរ​ផ្លូវ​សាគរ ; ​​
​២- សូម​កុំ​ឲ្យ​ពួក​ចោ​រសៀម​តាម​ទាន់ ; ​
​​៣- សូមឲ្យ​បាន​ជួបប្រទះ​កន្លែង​ជា​ទីគាប់ចិត្ត ។​ ​
​​ស្ដេច​ទ្រង់​ព្រួយព្រះទ័យ​ជាខ្លាំង ទ្រង់​បើក​សំពៅ​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ឈប់ឈរ ។ លុះ​ទ្រង់​ប្រមើល​ឃើញថា ចេញ​មក​បាន​ឆ្ងាយ​ណាស់​ហើយ ទើប​ទ្រង់​ងាករេ​ទៅរក​តំបន់​មួយ ដើម្បី​ចត​សំពៅ ។ ជួប​ជា​ខណៈនោះ ខ្យល់ព្យុះ​មក​បក់បោក​សំពៅឲ្យ​វិលវ​ល់បាក់​ចង្កូត ។ ទើប​ទី​ត្រង់នោះ​មានឈ្មោះ​ថា " ភូមិ​បាក់​ចង្កូត " ជាប់​មក​សព្វ​ថ្ងៃ​គេ​ហៅ​ហៅ​ក្លាយ​មក​ភូមិ​បាក់​កូត ។ ស្ដេច​ទ្រង់​ភ័យ​ហើយ​លើក​ព្រះហស្ត​អំពាវនាវ​បន់​ថា "​ឲ្យ​បាត់​ព្យុះ​ខ្យល់ នឹង​សូម​សែន​ថ្វាយ​ដល់​ពួក​អារក្សទឹក​ទាំងឡាយ " ។ គ្រា​នោះ​ខ្យល់ព្យុះ​ក៏​សាបសូន្យ​អស់ ។ សំពៅ​ទៅ​បាន​បន្តិច​ទៀត​ឈប់​បោះ​យុថ្កា​ចត ទើប​ទីនោះ​មានឈ្មោះ​ថា " កន្លែង​ចត " ជាប់​មក​ដល់​សព្វថ្ងៃ គេ​ហៅ​ក្លាយ​មកជា " ភូមិ​កន្លែង​ចត " ។ ការឈប់​ចត​នេះ គឺ​ដើម្បី​នឹង​រៀបចំ​ចំណីអាហារ​សែន​ថ្វាយ​អារក្សទឹក​និង​ធ្វើ​ចង្កូត​សំពៅ​ថ្មី ។ ត្រង់​តំបន់​ដែល​ថ្វាយ​អាហារ​នោះ នៅ​មាន​ឈ្មោះ​ជាប់​មក​ដល់​សព្វថ្ងៃ​ថា " ភូមិ​សែន​បន់ " ។ ទាំង ៣ កន្លែង​នេះ នៅក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ ​
​លុះ​សម្រេច​កិច្ច​នៅ​កន្លែង​នេះ​សព្វគ្រប់​ហើយ ទ្រង់​ក៏​ចេញ​សំពៅ​ទៅទៀត សំដៅ​ទៅ​ទិស​អាគ្នេយ៍​ដដែល ។ លុះ​ទៅដល់​កន្លែង​មួយ​សំពៅ​ធ្លាយ ទ្រង់​ក៏​ចាប់​ធ្វើ​សំពៅ​បណ្ដើរ បើក​ទៅ​បណ្ដើរ ។ ត្រង់​កន្លែង​នោះ​ជាប់​ឈ្មោះ​រហូតមកដល់​សព្វថ្ងៃ​ថា " សំពៅ​ធ្លាយ " ។ បើក​បន្តិច​ទៅ​ទៀត​ដល់​កន្លែង​មួយ​ឃើញ​ដី​មាន​ស្បូវ​ដុះ​ជាច្រើន ក៏​បោច​ស្បូវ​នោះ​ចុក​សំពៅ​ដែល​ធ្លាយ ។ ត្រង់​កន្លែង​នោះ ជាប់​ឈ្មោះ​មកដល់​សព្វថ្ងៃ​ថា " ភូមិ​ព្រែក​ស្បូវ " ហើយ​បើក​សំពៅ​ធ្វើដំណើរ​តទៅទៀត ដល់​ទៅ​កន្លែង​មួយទៀត ព្រះ​នាង​សក់​ក្រអូប ទ្រង់​កើត​ទុក្ខព្រួយ​ព្រះ​ហឫទ័យ​ច្រើន​ប្រការ គឺ​ណាមួយ​អំពី​សំពៅ​ដែល​ចេះ​តែ​ទៅៗ រក​ទី​សំណាក់​មិនឃើញ ណាមួយ​អំពី​ពួក​សៀម ថា​មុខជា​គេ​នឹង​តាម​មក​មិន​ខាន ។ ព្រះ​នាង​ទ្រង់​អុជ​ទៀន នមស្ការ​បន់ស្រន់​ដល់​អារក្ស​ទឹក អារក្ស​គោក អ្នកតា​ព្រៃភ្នំ​ក្រំ​ថ្ម សព្វ​ទីកន្លែង​ថា " សូមឲ្យ​បាន​ជួប​នឹង​ទី​សុខ​ប្រសើរ សូម​ឲ្យ​ចោ​រសៀម​ចិត្ត​អប្រិយ​បរាជ័យ​វិនាស​ក្នុង​សាគរ " ។ ត្រង់​កន្លែង​ដែល​ព្រះ​នាង​អុជ​ទៀន​បន់​នោះ នៅជាប់​ឈ្មោះ​រហូតមកដល់​សព្វថ្ងៃ​ថា " ភូមិ​អន្លង់​ទៀន " ។​ ​

សង្ខេបរឿង វិហារអដ្ឋរស្ស

នៅ​ប្រទេស​កម្ពុជា​ទាំងមូល ពុទ្ធសាសនិកជន​ជាតិ​ខ្មែរ​តែង​ធ្វើ​វត្ត ធ្វើ​វិហារ បែរមុខ​ឆ្ពោះទៅ​ទិសខាងកើត តាម​ទម្លាប់​ដែល​គេ​និយម​ប្រកាន់ទុក​តាំងពី​បុរាណកាល ប៉ុន្តែ​យើង​ឃើញ​មាន​វិហារ​មួយ​បែរមុខ​ឆ្ពោះទៅ​ទិស​ខាងជើង​ដែរ គឺ​វិហារ​អដ្ឋរស្ស នៅលើ​កំពូលភ្នំ​ព្រះ​រាជទ្រព្យ នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។ ការ​ប្លែក​នោះ​ហើយ ដែល​គួរ​ឲ្យ​ចង់ដឹ​ងណាស់ ។​ ​​
រឿងវិហារ​អដ្ឋរស្ស មាន​សេចក្ដី​ដំណាល​ដូចតទៅ​នេះ ៖ ​​
​កាល​នៅ​គ្រិស្ត​សតវត្ស​ទី ១៣ គឺ​ចុង​សម័យអង្គរ ព្រះរាជា​ប្រទេស​ចិន​បាន​ចាត់​បេសកជន​ជា​ច្រើន​ក្រុម​ឲ្យ​ដើរ​មក​មើល ដើរ​ស៊ើបសួរ ក្នុង​ប្រទេស​នានា ដើម្បី​ដឹង​ថា តើ​ប្រទេស​ណា​មាន​អារ្យធម៌​ដូចម្ដេចខ្លះ ? បើ​ប្រទេស​ណា​មាន​អារ្យធម៌​រុងរឿង​ត្រូវ​កត់ត្រា យក​ទៅ​ផ្សាយ​ក្នុង​ប្រទេស​ចិន ហើយ​ប្រទេស​ចិន​នឹង​យក​ប្រទេស​នោះ​ជា​មិត្ត បើ​ប្រទេស​ណា​មាន​អារ្យធម៌​ឱន​អាប់ ប្រទេស​ចិន​នឹង​ជួយ​ទំនុក​បម្រុង ឬ​មួយ​នឹង​យក​ធ្វើជា​ប្រទេស​ចំណុះ ។​ ​​
​កាលនោះ ក្រុម​បេសកជន​ចិន​ចូលមក​មើល​មក​ស៊ើបសួរ​ក្នុង​ប្រទេស​ខ្មែរ​សព្វគ្រប់​ហើយ ក៏​ត្រឡប់​ទៅ​ទូល​ព្រះរាជា​វិញ​ថា "​ប្រទេស​ខ្មែរ​ថ្កុំថ្កើង​រុងរឿង តែ​ឱន​អាប់​ជាង​កាល​មុន​បន្តិច​ហើយ អ្នកស្រុក​នៅ​ដើរ​ជើង​ទទេ បរិភោគ​អាហារ​ផ្ទាល់​នឹង​ដៃ ក្បាល​ទទេ​ពុំ​សូវ​មាន​ប្រើប្រាស់​អ្វី​ឲ្យបាន​ងាយស្រួល​ទេ ប៉ុន្តែ​មិនយូរប៉ុន្មាន ប្រទេស​មុខ​ជា​ជួបប្រទះ​នូវ​សេចក្ដី​ថ្កុំថ្កើង​រុងរឿង​អស្ចារ្យ​ឡើងវិញ​លើស​ដើម​" ។ ដោយ​បេសកជន​ទាំងនោះ​បាន​មក​ឃើញ​ទីមួយ ដែល​តាម​ក្បួន​ចិន​សែ​ថា "​ទីនោះ​នឹង​ឲ្យ​ផល​ល្អ​ផ្សេងៗ ដល់​ប្រទេស​" ។ ឯ​ទី​នោះ​គឺ​ភ្នំ​ព្រះរាជ​ទ្រព្យ​នៅក្នុង​ស្រុក​ពញាឮ​ខេត្តកណ្ដាល​សព្វថ្ងៃ ។ ពួក​បេសកជន​ចិន​បាន​មើលឃើញ​ភ្នំ​នោះ មាន​រាង​ដូច​សត្វ​មករ គឺ​ខ្លួន​មករ​នៅត្រង់​ព្រះ​ចេតិយ​ត្រៃត្រិង្ស ក្បាល​នឹង​ពុកមាត់​មករ​នៅត្រង់​ព្រះ​ចេតិយ​ទន្ទឹម កន្ទុយ​មករ​នៅត្រង់​ព្រះពុទ្ធ​រូប​ចូល​និព្វាន មិនតែប៉ុណ្ណោះ​នៅ​លើ​កំពូលភ្នំ​នោះ ថែមទាំង​មាន​រូប​មួយ​ជ្រៅ​ស្រឡូង​ទៅ​ក្រោម​ផង ។ ពួក​ចិន​យល់ឃើញថា "​មិន​យូរ​ប៉ុន្មាន​ទេ សត្វ​មករ​នឹង​រុល​ចេញ​តាម​រូង​នេះ​" ហើយ​ក្បួន​ចិន​សែ "​បើ​ប្រទេស​ឯ​ណា​ឬ​ទីណា​មាន​សត្វ​មករ​ផុស​ឡើង ប្រទេស​នោះ​នឹង​មាន​រឹទ្ធិ​អំណាច​ថ្កុំថ្កើង​រុងរឿង ពុំ​មាន​ប្រទេស​ឯ​ណា​អាច​ស៊ូ​បានទេ " ។ ដូច្នេះ ដើម្បី​សេចក្ដីសុខ​ដល់​ប្រទេស​ចិន​ទៅ​អនាគត មន្ត្រី​ចិន​ទាំងឡាយ​ទូល​សុំ​ស្ដេច​ក្រុង​ចិន​ថា " ត្រូវ​លើកទ័ព​ទៅ​វាយ​យក​ប្រទេស​ខ្មែរ​ធ្វើ​ជា​ស្រុក​ចំណុះ​ឲ្យ​ហើយ​" ។ ស្ដេច​ក្រុង​ចិន​ទ្រង់​ព្រះតម្រិះ​ថា "​ធ្វើ​យ៉ាង​ដូចជា​រំលោភ​ទៅ​លើ​ប្រទេស​នេះ​ជ្រុល​ពេក ម្យ៉ាងទៀត ប្រទេស​ខ្មែរ​នៅ​ខ្លាំងពូកែ ថ្កុំថ្កើង​នៅឡើយ ពុំ​អាច​នឹង​វាយ​បាន​ដោយ​ងាយ​ទេ ទោះបី​ប្រទេស​ខ្មែរ​ច្បាំង​ចាញ់​ប្រទេស​ចិន ៗ ក៏​មុខជា​លំបាក​ដោយ​អស់​ពេល​យោធា​ច្រើន នឹង​មាន​ទុក្ខវេទនា​ដល់​បណ្ដា​ជនមិនខាន​ឡើយ " ។​ ​​

ភាគ៥-៨-រឿង​​ ប្រាសាទ​តា​ព្រំ

បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅ តាមផ្លូវជាតិលេខ២ ចម្ងាយ ៣២ គ.ម. ដល់ទៅត្រង់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅស្ដាំដៃចំនួន២ គ.ម. ក្នុងឃុំក្រាំងធ្នង់ ស្រុកខេត្តដដែល នឹងឃើញទន្លេបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្ដោយថ្ងៃ មានទឹកល្ហល្ហេវ ខួបប្រាំងខួបវស្សា ហៅថា "ទន្លេបាទី" ។ ក្បែរឆ្នេរខាងត្បូងនៃទន្លេនោះ មានប្រាសាទ២ គឺ ប្រាសាទតាព្រំ១, ប្រាសាទយាយពៅ១ ។
    រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនេះ មានដំណាលដូចតទៅ ៖

    កាលស្ដេចព្រះនាមព្រះកេតុមាលា សោយរាជ្យនៅមហានគរជាស្ដេចមានបុណ្យអស្ចារ្យ ។ វេលាមួយ ស្ដេចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់ប្រាសាទពុំបាន ទ្រង់យាងកម្សាន្តព្រះរាជហឫទ័យជាមួយនឹងរេហ៍ពល ដោយផ្លូវនាវា តាមឆ្នេរសមុទ្រត្រើយខាងត្បូង ។ លុះយាងទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីន័ងនាវានៅត្រើយនោះដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសម្រាកព្រះអង្គនៅក្នុងទីនោះ ។ ពេលនោះ អ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាស្ដេចយាងពីនគរវត្តមក ដោយមិនដែលឃើញស្ដេចសោះ ក៏នាំគ្នាច្រើនអ៊ូអែមកថ្វាយបង្គំគាល់ យកអាករសួរៃមកថ្វាយព្រះអង្គគ្រប់គ្នា ។ កាលនោះ មានយាយម្នាក់មានភោគសម្បត្តិស្ដុកស្ដម្ភជាងអ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះនាង "ពៅ" មានរូបឆោមលោមពណ៌ល្អជាងស្រីទាំងពួង ។ គាត់នាំកូនក្រមុំមកគាល់ស្ដេចរាល់ថ្ងៃ ។ ព្រះមហាក្សត្រទ្រង់ទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ទ្រង់ចំអន់លេងរាល់ពេលវេលា ។ យាយដឹងថា ស្ដេចសព្វព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួន ក៏លើកនាងថ្វាយជាព្រះទេពី ។ ស្ដេចបាននាងពៅ ធ្វើជាអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនឹងនាង ពៅ ពន់ពេក ព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អ ។ ស្ដេចគង់នៅទីនោះបាន ៣ ខែ នាងក៏មានគភ៌ ។ លុះនាងមានគភ៌បាន ៣ ខែ ព្រះរាជាទ្រង់មានព្រះរាជបន្ទូលថា " ចូរប្អូននៅក្នុងទីនេះចុះ ពីព្រោះមានមាតានៅថែរក្សា ឯបងសូមលាត្រឡប់ទៅមហានគរវិញ" ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរ្តិ៍ ថា "បើព្រះរាជបុត្រប្រសូតិមក កាលណាធំដឹងក្ដីឡើង ចង់ទៅសួររកបង ចូរឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី " ។ នាង ពៅ បានស្ដាប់ព្រះបន្ទូលដូច្នេះ ក៏សោកសង្រេងអាឡោះអាល័យព្រះស្វាមីក្រៃពេកដោយទ្រង់មិនឲ្យនាងទៅតាមផង ។ ព្រះរាជាទ្រង់ផ្ដាំស្រេចហើយ ទ្រង់ស្ដេចយាងទៅកាន់ព្រះមហានគរវិញ ។

រឿងស្ត្រីពិត ម្តាយពិត ឪពុកពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។ ថ្ងៃ​មួយ ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​គិត​ធ្វើ​បុណ្យ​កម្សាន្ត​សប្បាយ​មួយ ។ 

ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ចូល​មក​គាល់ ។ មក​ដល់​ទ្រង់​បង្គាប់​ឲ្យ​នាហ្មឺន​នោះ ចេញ​ទៅ​ធ្វើ​រោង​សង់​សាលា​បុណ្យ​នៅ​ត្រើយ​ស្ទឹង​ម្ខាង ។ ឯ​ស្ទឹង​នោះ មាន​ស្ពាន​សួរ​ឆ្លង​ទេ ។ នាហ្មឺន​នោះ ទៅ​ធ្វើ​រោង​សង់​សាលា​រួច​ស្រេច​វិល​មក​ក្រាប​ទូល​ស្ដេច ៗ ទ្រង់​ឲ្យ​រៀប​ភ្ញី​ផ្កា ស្លា​ម្លូ គ្រប់​បរិក្ខារ ជា​រណ្ដាប់​បុណ្យ ហើយ​ស្ដេច​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​ជួន​ជុំ​មន្ត្រី​តូច​ធំ​ហែ​ស្ដេច​យាង​ចូល​រោង​បុណ្យ ។ ឯ​បុរស​នោះ ឮ​ថា​ស្ដេច​ធ្វើ​បុណ្យ​ដូច្នោះ ក៏​មាន​សេចក្ដី​ត្រក​អរ ដោយ​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត ឬ​ទេ? » ហើយ​បុរស​នោះ​ដើរ​ទៅ​នៅ​ក្រោម​ស្ពាន ធ្វើ​ជា​អង្គុយ​ស្ទូច​ត្រី ។ ស្ដេច​ទ្រង់​យាង​ទៅ​ឯ​សាលា​បុណ្យ​មុន​គេ នៅ​តែ​អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច ។ ដល់​វេលា​រសៀល អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច​នោះ ក៏​រៀប​ខ្លួន​នឹង​ទៅ​ចូល​រោង​បុណ្យ ។
 ឯ​ព្រះ​រាជបុត្រី​ស្ដេច​នោះ កំព្រា ពុំ​មាន​ព្រះ​មាតា ៗ ក្ស័យ​ព្រះជន្ម​ចោល​នាង តាំង​អំពី​តូច​ម្ល៉េះ លុះ​អស់​អ្នក​និង​ពួក​ស្រី​ស្នំ​ក្រម​ការ​ឆ្លង​ស្ពាន​ហួស​អស់​ទៅ នៅ​តែ​ព្រះ​រាជបុត្រី​កំព្រា​ជា​ក្រោយ​គេ ដល់​នាង​យាង​ទៅ​ដល់​ស្ពាន នាង​ទត​ទៅ ឃើញ​បុរស​កម្សត់​អង្គុយ​ស្ទូច​ត្រី​នៅ​ក្រោម​ស្ពាន​នាង​ឈប់ ពុំ​ហ៊ាន​យាង​ហួស​ទៅ, អស់​ពួក​ស្រី​បរិវារ​សួរ​ថា «ម្ចាស់ ដូចម្ដេច​បាន​ជា​ឈប់?» ។ ទើប​នាង​មាន​ព្រះ​បន្ទូល​សវនីយ៍​ប្រាប់​ទៅ​អស់​ពួក​ស្រីៗ​ថា «បាន​ជា​ខ្ញុំ​ឈប់​ត្បិត​មាន​បុរស​ម្នាក់​នៅ​អង្គុយ​ក្រោម​ស្ពាន ទៅ​ដូចម្ដេច​នឹង​បាន!» ។ អស់​ស្រី​សាវឡិក​ថា «ម្ចាស់​យាង​ទៅ! មិន​អី​ទេ! ខ្លាច​ថ្វី! មនុស្ស​កម្សត់​ដូច​មនុស្ស​ឆ្កួត» ។ នាង​ឆ្លើយ​ឡើង​ថា «កុំ​ស្រដី​ដូច្នោះ មិន​ត្រូវ​ទេ ធម្មតា​គេ​ជា​ប្រុស ទុក​ជា​គេ​ឆ្កួត​ព្រើល​ល្ងង់​ខ្លៅ​ដូចម្ដេច ក៏​យើង​ជា​ស្រី​មិន​ត្រូវ​ដើរ​រំលង​ក្បាល​គេ​ទេ!» ។ អស់​ពួក​ស្រីៗ​វា​ស្ដី​ឲ្យ​ថា «នៃ​អ្នក​កំឡោះ​អង្គុយ​ស្ទូច​ត្រី​ក្រោម​ស្ពាន! ដើរ​ចេញ! ម្ចាស់​យើង​យាង​ទៅ​ធ្វើ​បុណ្យ» ។

សង្ខេប រឿង ស៊ឹម អ្នកបរឡាន

រឿង ស៊ឹម អ្នកបរឡាន និពន្ធដោយ លោក អឹម ថុក ក្នុងព.ស 2486 ត្រូវនឹង គ.ស 1956។ សូមអានរឿងទាំងមូល ខាងក្រោមនេះ៖ [tab:សង្ខេបរឿង] ១-ទុក្ខវេទនារបស់រាស្រ្ត មេឃុំផាន់ ធ្វើបាបរាស្រ្ត រឿងទារពន្ធបំរើបារាំង, ធ្វើបាបលឹមនិងរាស្រ្តរឿងកេណ្ឌកំលាំងបំរើជប៉ុន, ធ្វើបាបនាងហេង រឿងផ្គាប់គុណលោកចៅហ្វាយ ។ ក្នុងឆ្នាំ១៩៣៥ នៅឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពូផាន់ត្រូវបានតែងតាំងជាមេឃុំថ្មីជំនួសមេឃុំកឹម ដែលត្រូវហូតងារ។

 តែការផ្លាស់ប្តូរនេះពុំបានធ្វើឲ្យប្រជារាស្រ្តចាប់អារម្មណ៍ឡើយ ព្រោះគេយល់ថា «អាគកដូចអាចែ»។ ក្រោយពីទទួលដំណែងភ្លាម មេឃុំផាន់ខំដើរឆ្កឹះកកាយគំរាមកំហែង បង្ខិតបង្ខំទារពន្ធពីរាស្រ្ត។ ពេលថ្ងៃអាទិត្យ មេឃុំផាន់ តែងនាំលោកថៅហ្វាយដើរស៊ីផឹករកស្រីញី ជាពិសេសជាមួយនាងខ្វែន ភូមិដើមក្រសាំង។ ធ្វើការបាន៥ឆ្នាំ មេឃុំផាន់បានទទួលមេដាយពីរ ដោយសារតែខំទារពន្ធនិងផ្គាប់គុណលោកចៅហ្វាយ។ ពេលជប៉ុនចូលស្រុកឆ្នាំ១៩៤០ ពូផាន់ បានដាក់ខ្លួនបំរើជប៉ុន ប្រើល្បិចគាបសង្កត់រាស្រ្តក្នុងឃុំកេណ្ឌ យកទៅធ្វើគូលីកំណែនឲ្យសឹកជប៉ុន នៅការដ្ឋានវាលយន្តហោះពោធិ៍ចិនតុង។ លឹមកូនប្រុសពៅរបស់តាង៉ែត យាយម៉ុក នៅភូមិដើមអំពិល ដែលទើបនឹងសឹក ហើយដែលជិតរៀបការជាមួយនាង ហេង […]

រឿង កុលាបប៉ៃលិន​ វគ្គបញ្ចប់

រឿង កុលាបប៉ៃលិន​ វគ្គបញ្ចប់

ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ។
ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំទិញត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តូងជីកត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់វាយលោកបាឡត់ដួល...។ លោករតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជាន់ទីនេះទៀត។


ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។

គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនៈក៏រៀបចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយសុខក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។
ប្រធានរឿង៖ រឿងកុលាបប៉ៃលិន អ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្រដែលពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត ជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់ និងការមានទំនុកចិត្តលើខ្លួនឯង (អត្តាហិ អត្តនោ នាថា)។

មូលបញ្ហារឿង៖ បញ្ហាទី១ ជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្រ, បញ្ហាទី២ ជីវិតជាកម្មករត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៣ ទំនាក់ទំនងស្នេហារវាងចៅចិត្រ និងនាងឃុននារី, បញ្ហាទី៤ ជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួសារលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៥ ភាពជោគជ័យរបស់ចៅចិត្រ។

រឿង កុលាបប៉ៃលិន​ វគ្គ២

វគ្គ២រឿង កុលាបប៉ៃលិន

លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វបានជួយរវៃឡានម្ចាស់របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្រជំនួសតាសុន។

ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយឃុននារីទៅផ្សារទិញឥវ៉ាន់......។ ទិញឥវ៉ាន់សព្វគ្រប់អស់ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។

ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នារហូតយល់ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមកប្លន់។ ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។ ដោយការខិតខំព្យាបាលជម្ងឹពីគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ។ ចាប់តាំងពីថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិតឆ្មើងឆ្មៃរបស់ឃុននារីក៏សាបសូន្យក្នុងគ្រានោះដែរ។

រឿង កុលាបប៉ៃលិន​ វគ្គ១

ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។
ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ ញ៉ុក ថែម
កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣

--------------------------------
វគ្គ១ រឿង កុលាបប៉ៃលិន
នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគាថាមួយបទថា "អត្តាហិ អត្តនោ នាថោ"។
ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃលិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាតហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បូង។

តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជាហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុងខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងៗខ្លួន។

សង្ខេបរឿង​​ ផ្កាស្រពោន​ វគ្គទី៤

អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែងបងនិន្ទាថាប្អូនធ្វេសប្រហែស។
បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗ មកស្រាប់ហើយថា លោកឪពុក យើង គាត់បាន ផ្ទុក នូវ ស្រូវ នឹង ទូក ប៉ុកចាយ មួយ ចំណុះ មួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមផ្លួវទន្លេសាប ។ ខ្ញុំទើបដំណឹងច្បាស់ថា ទូកស្រូវនោះ ឥឡូវត្រូវខ្យល់ព្យុះបោកលិចកណ្តាលទន្លេទៅហើយ គេគ្មានសង្ឃឹមថា នឹងស្រង់យកស្រូវបានវិញខ្លះទេ។មុខតែខាតធំហើយគ្រានេះ។

ប៊ុន-ធឿន កាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។ សេចក្តី បំណងដែល ខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ ឱអញអើយ! ម្ល៉េះសមនឹងត្រូវចាកចេញចោលវិទ្យាល័យ ដើម្បីនឹងមកជួយកម្លាំងឪពុកម្តាយវិញ។
ឪពុកម្តាយ ប៊ុន-ធឿន ដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងមានចងការប្រាក់គេខ្លះផង។ បើប្រសិនជាគាត់លក់ទ្រព្យរបស់ ដីស្រែខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់ប៉ុន្មានឡើយ។
ឱ! គំនិតដែលតែងធ្វើឲ្យស្រម៉ៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឲ្យបានជ្រៅជ្រះ ឱ! ពាក្យដែលសច្ចាថា ប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្ត ឱ! ឪពុកម្តាយអើយ ខ្ញុំសែនលំបាក!…
អន្លង់វិល ជ្រនីក ស្វាយកង់… រ៉ឺម៉ករត់កាត់ភូមិដែលរាយនៅតាមថ្នល់ ហើយដែលមាននាមជាប់ក្លិនដីក្រអូបឈួល។ ប៊ុន-ធឿន មិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់ខ្វល់តែនឹងសេចក្តីតោកយ៉ាកមួយមុខប៉ុណ្ណោះ៕
ដកស្រង់ចេញពី សៀវភៅរឿងផ្កាស្រពោន និពន្ធដោយលោក នូហាច របស់ក្រសួងអប់រំ ។

សង្ខេបរឿង​​ ផ្កាស្រពោន​ វគ្គទី៣

ប៊ុន-ធឿន គឺជានាមនៃកុមារដែលមានមុខក្រៀមក្រំ ដកសំបុត្ររទេះភ្លើងមកកាន់នៅដៃ ហើយទាញវ៉ាលីស្បែកដែលសឹកដាច់ដោយដំណើរញយៗមកដាក់ខាងមុខខ្លួន។ នៅពេលដែលបានជិតមកដល់ក្រុងជាទីស្នេហាបំផុត អ្នកដំណើរនេះក៏ហាក់ដូចជាឮសូរបេះដូងខ្លួន យោលរឹតតែញឹកញាប់ឡើង។ផុតដំណាក់អូរដំបងហើយ…..ឆ្លងស្ពានដែក…ឈប់បន្តិចនៅជិតវត្តកណ្តឹង…ផ្លូវរទេះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ។ គុកក៏ត្រដាងជញ្ជាំងប្រផេះ…ផ្ទះនិងរោងជំនាងផ្សេងៗ នៃក្រុមរទេះល្បឿនយន្តថយ…ថយ ស្ថានីយ! មនុស្សខ្មៅមីរនៅចាំទៅនោះ។អ្នកដំណើរទាំងអស់គ្នាក្រោកស្រឈរមើល។ ហ្វ្រាំងស្រែក រថភ្លើងក៏ឈប់ទន្ទឹមនឹងស្ថានីយ៖ ខ្លះស្រែកហៅ ខ្លះសើច ខ្លះនិយាយកោកកាក អ្នកដំណើរប្រជ្រៀតគ្នា ដើម្បីចុះពីលើយានព្រោង    ព្រាត។

ប៊ុន-ធឿន ទាញមួកមកពាក់ កញ្ជក់វ៉ាលីរបស់ខ្លួនមកកាន់ ចាប់ដៃពួកម៉ាកពីរបី នាក់ ហើយក៏ញែកពពួកមនុស្ស ដើរតម្រង់ទៅអ្នកចាំទ្វារ។ ដល់ហើយក៏បង្ហាញសំបុត្រខ្លួនឲ្យគេកត់សម្គាល់ រួចក៏ឡើងជិះក្នុងរ៉ឺម៉កមួយ ទើបនិយាយប្រាប់អ្នកដែលធាក់ថា៖ ជូនខ្ញុំទៅកំពង់ព្រះ។
ថ្នល់ពីក្រុងបាត់ដំបងទៅភូមិកំពង់ព្រះ ជាផ្លូវអាណានិគមទី១(ផ្លូវជាតិលេខ៥)ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ថ្នល់នេះចាក់ជ័រស្អាតរាបធេង។
រ៉ឺម៉កដែល ប៊ុន-ធឿន ជិះមិនយូរប៉ុន្មានក៏រត់ផុតគេហដ្ឋានអ្នកស្រុកក្រុងអស់។មាគ៌ានេះមិនសូវស្ងាត់ទេ គេតែងជួប នឹងរទេះគោ អ្នកថ្មើរជើង អ្នកជិះចក្រយានទៅមក តែដោយប៊ុន-ធឿនធ្លាប់ឮសូរសម្រែករទេះភ្លើង ឮសម្តីពួកម៉ាកពីមុនមកថ្នល់នេះ ក៏ហាក់ដូចជាមានសភាពស្រងេះស្រងោច រឹងរឹតតែធ្វើឲ្យអ្នកដំណើរយើង ខ្លោចផ្សាក្នុងចិត្តពេកក្រៃ។ ទុក្ខដែលក្រាបងំ កាល ដែលជិះរទេះភ្លើង ឥឡូវក៏បែរទៅជាជោរជន់ដល់បំពង់ក។
ប៊ុន-ធឿន លូកយកសំបុត្រដែលនាងសោភ័ណជាប្អូនបង្កើត បានផ្ញើទៅឲ្យនៅថ្ងៃមុន ដែលខ្លួនចេញពីក្រុងភ្នំពេញ មកមើលឡើង ជាថ្មីម្តងទៀត។ សារនោះមានសេចក្តីថា៖

សង្ខេបរឿង​​ ផ្កាស្រពោន​

វគ្គទី២

វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅ មានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្សទាំងឡាយក៏សប្បាយយ៉ាងនោះដែល។ ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្ល៉េះទេ។ គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។ លាហើយសៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខ! លាហើយសម្លេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្អាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិសន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ឈប់ពីរខែ ជយោ!

ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយគ្មាននឹកនាថានឹងមាននរណាធ្វើមុខជូរ កើតទុក្ខបានឡើយ។ តែបើសម្លឹងគយគន់ឲ្យហ្មត់ចត់ទៅ ក៏នឹងឃើញកុមារម្នាក់ដែលមានរូបរាងដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សម្បុរជ្រះ ទឹកមុខស្ងប់ស្រពោននៅក្នុងយានតែម្នាក់ឯង។ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សម្តែងឲ្យឃើញថា អ្នកកម្លោះមានទុក្ខជាទម្ងន់។ស្ថានីយអូរស្រឡៅ! ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ក្នុងគ្រានោះ អារម្មណ៍ ផ្សេងៗក៏ស្ទុះមកបបោសអង្អែលព្រលឹងនាយកម្លោះ មានសភាពដូចជាវាយោររហៀកៗដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ ឱវាលស្រែនេះ! ជួរដងអូរនេះ! ឱ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ តែទោះយ៉ាងណាក៏ដោយ ខ្លួនមិនចេះចិនឆ្អន់សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្រសម្លាញ់ជានិច្ច។កុមារគិតក្នុងចិន្តាថា៖ ឱ..ភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ! ។រទេះភ្លើងបានចាប់បរទៅទៀត។ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះនៅតែ ១៥គីឡូ ទៀតនឹងដល់ផ្ទះហើយ។ មានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខ សិតសក់ សម្រួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់។


November 04, 2017

លោក សុន ឆ័យ អះអាង​ថា គណបក្សសង្គ្រោះជាតិរឹតតែរឹងមាំ

ទោះ​ត្រូវ​ព្យុះ​ភ្លៀង​បោក​បក់​កើត​មាន​នៅចំពោះ​មុខ​ក៏​ដោយ
ក៏​លោ​ក ​សុន ឆ័យ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​អះអាង​នៅថ្ងៃ​សៅរ៍​នេះថា គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​រឹត​រឹង​មាំ ហើយ​រឹង​មាំ​ជាង​មុន​ទៅ​ទៀត។
From RFI Khmer លោក សុន ឆ័យ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​អះអាង​ថា ភាព​រឹង​រឹត​តែ​រឹង​មាំរបស់​គណបក្ស​សង្គ្រោះជាតិ​នោះ​គឺ ការ​ពង្រឹង​សាមគ្គីភាព​របស់​គណបក្ស ក្នុង​គោលបំណង​ឆ្លើយតប​នឹង​ការ​ចង់​បាន​របស់​ពលរដ្ឋ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតនា​ពេល​ខាង​មុខ។ បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​ទី​៤​វិច្ឆិកា​នេះ សង្កត់​ធ្ងន់​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​រំលាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ក៏​ដោយ ក៏​លោក សុន ឆ័យ បានបន្ត​គូសបញ្ជាក់​ថា គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​យល់​ឃើញ​ថា ខ្លួន​ឯង​គ្មាន​កំហុសឈាន​ដល់​ការ​រំលាយ​នោះ​ទេ។
ហើយ​ប្រសិន​បើ​សង្គ្រោះជាតិ​រំលាយ​មែន​នោះ រដ្ឋាភិបាល​នឹង​ទទួល​រង​ការ​ថ្កោលទោស​ពី​ពលរដ្ឋ​ជាង​៣​លាននាក់​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ពិសេស​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ។
​នេះ​បើ​តាម​លោក សុន ឆ័យ។ យ៉ាង​ណា​ក៏​ដោយ ផ្ទុយ​ពី​ការ​អះអាង​របស់​លោក សុន ឆ័យ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ជា​ដើម​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះជាតិ​ងាយ​រង​គ្រោះ​ដោយ​ការរំលាយ​ខ្លាំង​ណាស់ ព្រោះ​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ជួប​ប្រទះ​ព្យុះ​ភ្លៀង​ជា​ច្រើន។ ព្យុះ​ភ្លៀង​ទាំង​នោះ​រួមមានៈ ប្រធាន​គណបក្ស​លោក កឹម សុខា កំពុង​រង​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់​ជាតិ, គណបក្ស​ប្រឈម​នឹង​ការ​រំលាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ខាង​មុខ, សំណុំ​រឿង​លោក ម៉ៅ មុនីវណ្ណ ត្រូវ​បាន​អតីត​ប្រធានបក្ស​លោក សម រង្ស៊ី ចោទ​ថា​ចង់ធ្វើ​បក្ស​ប្រហារ, ការ​សម្រុក​ចេញ​ទៅ​ក្រៅ​ប្រទេស​ពី​សំណាក់​មន្ត្រី​សំខាន់ៗ​នៃ​គណបក្សសង្គ្រោះ​ជាតិ, ចលនា​នៃ​ការ​ចាក​ចេញ​បណ្ដើរៗ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ជាដើម​។

កំសត់ណាស់! ខ្មែរកម្ពុជាក្រោម សុខចិត្តខ្ចីលុយគេ ទិញទូក.ង ដើម្បីចូលរួមពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ

ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ពួកគាត់​សុខចិត្ត​ខ្ចី​លុយ​គេ ដើម្បី​ទិញ​ទូកង​មួយ ចូលរួម​ប្រណាំង​នៅ​ខាង​មុខ​ព្រះបរមរាជវាំង នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ។ ការចូលរួម​ប្រណាំង​ទូក​នៅ​ឆ្នាំនេះ ជនជាតិ​ខ្មែរ​ដើម​កម្ពុជា​ក្រោម​យល់ថា ដើម្បី​ចូលរួម​រក្សា​អត្តសញ្ញាណ​ខ្មែរ​ក្រោម គឺជា​ជនជាតិ​ខ្មែរ​ដើម និង​ចង់​ប្រាប់​ពិភពលោក​ថា ខ្មែរ​កម្ពុជា​ក្រោម នៅតែ​រក្សា​ប្រពៃណី​បាន​យ៉ាង​ល្អ។

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាច្រើន នៅ​អម​តាម​មាត់​ទន្លេសាប ម្ដុំ​ព្រះបរមរាជវាំង ទូកង​ឈ្មោះ ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ បាន​បង្ហាញ​ខ្លួន បោះពួយ​យ៉ាង​ឡូយ ក្នុង​ផ្ទៃ​ទឹក។ ឯកសណ្ឋាន​របស់​ទូក​ខ្មែរ​ក្រោម មាន​២​ពណ៌ គឺ ម្ដុំ​ចំណុះ​ក្បាលទូក​ពណ៌​ខៀវ ចំណុះ​កណ្ដាល​ទូក​ពណ៌​លឿង និង​អ្នក​នៅ​ម្ដុំ​កន្ទុយ​ទូក មាន​ឯកសណ្ឋាន​ពណ៌​ក្រហម។ នៅ​ឆ្នាំនេះ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ បាន​រចនា​ថ្មី ដោយ​ទិញ​ទូក​ថ្មី​មួយ​យ៉ាង​លឿន ដើម្បី​ប្រកួត ប្រាថ្នា​ជ័យជំនះ​លេខ​១​នៅ​ឆ្នាំនេះ។

ប្រធាន​គណៈកម្មការ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺ លោក ប៊ុន មុនី រៀបរាប់​ថា ដោយសារតែ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​ដែល​អុំ​រាល់​ឆ្នាំ មាន​សភាព​ចាស់ ទ្រុឌទ្រោម និង​ពិបាក​ក្នុង​ការ​កែសម្រួល​យក​មក​អុំ​វិញ​បាន គណៈកម្មការ​ទូក បាន​សម្រេច​ទិញ​ទូក​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ឆ្នាំនេះ សំដៅ​រក​លេខ​១។ លោក ប៊ុន មុនី អះអាង​ថា ទូកង​ដែល​ទិញ​ថ្មី​នេះ ថ្វីបើ​លឿន​ខ្លាំង​មែន ប៉ុន្តែ​គណៈកម្មការ​មិន​មាន​ថវិកា​សម្រាប់​ទិញ​ទូក​ទេ គឺ​ជំពាក់​គេ​ទាំងស្រុង។ ការ​ជំពាក់​ដែល​ត្រូវ​បែង​ចែក​ជា​ពីរ គឺ​មួយ​ជំពាក់​លុយ​របស់​គណៈកម្មការ​ទូក និង​ជំពាក់​ម្ចាស់​ទូក។ តែ​យ៉ាងណា លោក និង​គណៈកម្មការ​ទូក​សង្ឃឹមថា អាច​ធ្វើ​ឲ្យ​ខ្មែរ និង​បរទេស នៅ​ទូទាំង​ពិភពលោក បាន​ដឹង​ថា ខ្មែរ​ក្រោម​គឺជា​ជនជាតិ​ខ្មែរ​ពី​បរម​បុរាណ​មក។ «សំឡេង»

ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺជា​ទូក​ខ្នាត​អន្តរជាតិ ដែល​មាន​ចំណុះ (កីឡា​អុំ) ២២​នាក់ ប្រវែង​១៨​ម៉ែត្រ ធ្វើ​ពី​ដើម​គគីរ​ទាំងមូល ដោយ​លុង​ចូល​ក្នុង និង​មាន​ត​គែម​លើ​បន្តិច ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​ចូល​ក្នុង​ទូក​នៅ​ពេល​ប្រើ​កម្លាំង​ខ្លាំង​ពេល​ប្រណាំង។

លោក ប៊ុន មុនី មើល​ឃើញ​ថា ទូកង​ថ្មី​របស់​ខ្មែរ​កម្ពុជា​ក្រោម​នេះ លឿន​ជាង​មុន និង​មាន​សង្ឃឹម​ខ្ពស់​ថា ទទួល​បាន​ជ័យ​លាភី​លេខ​១ ក្នុង​ឆ្នាំ​នេះ។ លោក​អះអាង​ថា ថ្វីបើ​ទូកង​នេះ ឈ្មោះ​ខ្មែរ​កម្ពុជា​ក្រោម និង​ទទួល​បាន​ការឧបត្ថម្ភ​ជ្រោមជ្រែង​ពី​ខ្មែរ​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស​ក្ដី ប៉ុន្តែ​កីឡាករ​អុំ​ទូកង​នេះ មិនមែន​សុទ្ធ​តែ​ជា​ខ្មែរ​ក្រោម​នោះ​ទេ គឺ​មាន​ទាំង​ជនជាតិ​ខ្មែរ​កើត​នៅ​ទឹកដី​កម្ពុជា និង​ជនជាតិ​ខ្មែរ​ឥស្លាម។

ខ្មែរឥស្លាម​ម្នាក់ គឺជា​កីឡាករ​ចំណុះ​ទូកង​ខ្មែរ​កម្ពុជា​មានជ័យ បង្ហាញ​ក្ដី​សប្បាយ​រីករាយ នៅ​ពេល សួរ​ថា តើ​យល់​បែប​ណា​ចំពោះ​ការ​អុំទូក​ឲ្យ​ទូកង​ខ្មែរ​ក្រោម។ បើ​ទោះ​យ៉ាង​ណា ខ្មែរ​ឥស្លាម​រូប​នេះ មាន​ផលវិបាក​តែមួយគត់ គឺ​ការ​បរិភោគ​អាហារ​ខុស​ពី​ជនជាតិ​ខ្មែរ​ដើម​កម្ពុជា​ក្រោម។