ព្រឹកថ្ងៃចន្ទនេះ នាងវ៉ាសីតា ភ្ញាក់ពីដំណេក មាត់ល្វីងជូរចត់។ នាងហាក់គ្មានកម្លាំងកំហែងសោះ ហើយយល់ថា ដំណេកពីយប់មិញមិនស្កប់ស្កល់ឡើយ។ ស្រីខំរកនឹកពីសុបិននិមិត្តដែលទើបកន្លងទៅ ប៉ុន្តែស្រពិចស្រពិល ច្របូកច្របល់ រកនឹកមិនឃើញ។ នាងគិតថា ប្រហែលជាមានជំងឺអ្វីមួយហើយមើលទៅ ឬខួរក្បាលចង់សម្រាកលែងគិតច្រើនម្តងក៏មិនដឹងបានជាខួរនាងលែងចង់ទទួលអ្វីទាំងអស់។

វ៉ាសីតាលើកដៃឆ្វេងមើលនាឡិកា។ ម៉ោងប្រាំមួយប្លាយទៅបន្តិច តែនាងមិនចង់ក្រោកទេ។ ស្រីឈោងដៃយកប្រលោមលោកបារាំងដែលដាក់លើតុក្បាលដំណេក រឿង Le HORLA របស់អ្នកនិពន្ធ Guy de Maupassant មកអានបន្ត ។ រឿងខ្លីៗទាំងនេះធ្វើឲ្យនាងនឹកឃើញយុវវ័យរបស់នាងនៅភ្នំពេញ។ យុវតីនិយមអានរឿងប្រលោមលោកខ្លីៗរបស់អ្នកនិពន្ធ វង់ ផឿង ដែលសរសេរចុះផ្សាយក្នុងទស្សនាវដ្តី«កម្សាន្តចិត្ត» យ៉ាងជក់ចិត្ត។ កាលនោះ កញ្ញាវ៉ាសីតាអន្ទះសាបន់ឲ្យដល់ថ្ងៃសៅរ៍ដើម្បីទិញយកមកមើល វ៉ាសីតានឹកឃើញអនុស្សាវរីយ៍ទាំងប៉ុន្មាន ដែលបានបញ្ចាំងរូបភាពរស់រវើកបន្តបន្ទាប់ហូរហែរពេញខួរក្បាល។ ក្នុងចំណោមចៅទាំងអស់ វ៉ាសីតាជាចៅស្រីសំណព្វចិត្តតែមួយរបស់ជីដូន។ នាងនឹកឃើញ រាល់ពេលឈប់សម្រាក ជីដូននាងតែងយកនាងទៅនៅលេងផ្ទះគាត់នៅឯជ្រោយចង្វារ សង្កាត់លេខ៧។
ថ្ងៃមួយ ជីដូនសម្លាញ់ និងបងស្រីជីដូនមួយរបស់នាងមិននៅផ្ទះ។ វ៉ាសីតា នៅផ្ទះជាមួយអ្នកបម្រើ។ កុមារីវ៉ាសីតា ឆ្ងល់នឹងទូមួយដែលនាងពុំដែលឃើញជីដូននិងបងជីដូនមួយនាងបើកម្តងណាសោះ។ តើមានអ្វីប្លែកក្នុងទូនោះ ? ថ្ងៃនោះ នាងមានសេរីភាពពេញលេញ។ នាងចង់ប្រើសេរីភាពរបស់នាងម្តង។ ភ្នែករំពៃមើលឆ្វេងស្តាំខ្លាចក្រែងលោជីដូន និងបងស្រីជីដូនមួយត្រឡប់មកវិញទាន់។ ទេ! នៅទេ កុមារីអាយុ ៨ឆ្នាំក៏ប្រថុយបើកទ្វារទូនោះមើល។ ឱ! សៀវភៅ! ថតទូនោះរពេញទៅដោយសៀវភៅទេតើ។ ធម្មជាតិជាមនុស្សចូលចិត្តចង់ដឹងនិងចង់ចេះ កុមារីវ៉ាសីតាក៏រើសៀវភៅទាំងនោះចេញ។ នាងឃើញសៀវភៅ គំនូរពណ៌រឿង TINTIN និង ប្រលោមលោកខ្មែរជាច្រើន ដូចជារឿងនាងសក់ក្រអូប របស់អ្នកនិពន្ធ ប៊ីវ ឆៃលាង រឿង ចោរភ្នំត្បែង រឿងបែបប៉ូលីសស៊ើបអង្កេតជាច្រើនទៀតដែលនាងភ្លេចឈ្មោះអ្នកនិពន្ធអស់ទៅហើយ ព្រមទាំងទស្សនាវដ្តី «រាត្រីថ្ងៃសៅរ៍»។